សម្ដេច ហ៊ុន សែន ណែនាំឱ្យពលរដ្ឋ ជីកលេណដ្ឋាន ដើម្បីការពារខ្លួន
ពត៌មាន

សម្ដេច ហ៊ុន សែន ណែនាំឱ្យពលរដ្ឋ ជីកលេណដ្ឋាន ដើម្បីការពារខ្លួន

ភ្នំពេញ៖ សម្ដេច​តេជោ​នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥​ ហ៊ុន​ សែន​ ណែនាំឱ្យពលរដ្ឋ ជីកលេណដ្ឋាន ដើម្បីការពារខ្លួន ខណៈសម្ដេច សង្កេតឃើញ វិវាទជាមួយថៃ អាចអូសបន្លាយពេលយូរ។ នេះបើតាមសារដែល សម្ដេច បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក។

ថ្លែងនៅក្នុង ពី​ពិធី​សំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យ សម្ដេច​តេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥​ នៅព្រឹកថ្ងៃទី២៦មិថុនា បានលើកឡើង ពីស្ថាការណ៍ វិវាទព្រំដែន ជាមួយថៃ។ សម្ដេច សង្កេតឃើញថា បើមិនមានការ​ផ្លាស់​ប្តូរ​មេដឹកនាំក្រុងបាងកកទេនោះ ប្រទេសទាំងពីរ អាចមានសង្គ្រាមយូរ។ សភាពការណ៍នេះ សម្ដេចធៀបទៅនឹងវិវាទ ​កាល​ពី​ឆ្នាំ​២០១១​ គឺមានភាពខុសគ្នា​។

ហេតុនេះ សម្ដេច​តេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥​ ហ៊ុន សែន បានណែនាំពលរដ្ឋយ៉ាងដូច្នេះ៖ «ណែនាំប្រជាពលរដ្ឋ ជីកលេណដ្ឋាន​ដើម្បី​ការពារ​ខ្លួន ​ហើយ​កុំ​ភ្លេច​ការ​បង្ក​បង្កើន​ផល ទោះសភាពការណ៍កើតនៅទល់ដែនក៏ដោយ ខណៈដែលពេល​នេះ រ​ដូវ​វស្សា​បាន​មក​ដល់​ហើយ​»។

​ទាក់ទងការរក្សាសន្តិសុខសុវត្ថិភាពសង្គម សម្តេច លើកពីគោល​នយោ​បាយ​​ភូ​មិ​ឃុំសង្កាត់មានសុវត្ថិភាព ត្រូវអនុវត្តបន្ត ព្រោះមានសារសំខាន់ ដែលសម្ដេចចាត់ទុក អ្នកដឹកនាំនៅមូលដ្ឋានជា អ្នកជាមានឥទ្ធពល និង​​ប្រសិទ្ធភាពខ្លាំង។ សម្ដេច ចង្អុលបង្ហាញពីសារសំខាន់នៃមន្ត្រីមូលដ្ឋាន ក្នុងការចូល​រួម​គ្រប់​គ្រង​សន្តិសុខ​សង្គម បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ដែលជាកង្វល់រួម និងកង្វល់ដោយឡែក សម្រាប់គ្រួសារនីមួយៗ។

ពាក់ព័ន្ធនឹងការបិទព្រំដែនដែនដោយឯកតោភាគីវិញ សម្ដេច ហ៊ុន សែន ចាត់ទុករបៀបធ្វើការថៃ ធ្វើឡើងតាមទំនើងចិត្ត ហើយពេលបន្លែ ផ្លែឈើពួកគេខូច បែរជាសុំចរចា។ សម្ដេច ឃើញ​ថៃសព្វថ្ងៃ ហាក់ដូចបិទខ្ទប់ខ្លួនឯង ឬកំពុងមានវិវាទជាមួយប្រទេសជិតខាងទាំងអស់ រួមមានមីយ៉ាន់ម៉ា ឡាវ ម៉ាឡេ​ស៊ី​ជាដើម។

«សម្រាប់កម្ពុជា ចង់ឱ្យព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង ជាព្រំដែនមិត្តភាពសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ»។ នេះជាគោលជំហររបស់សម្ដេច ហ៊ុន សែន ហើយស្ថិតក្នុងវិបត្តិនៃជម្លោះ រវាងកម្ពុជា-ថៃ សម្ដេចយល់ឃើញវិបត្តិនេះ បានក្លាយទៅ​ជា​កាលា​នុវត្តភាព​។ សម្តេច ណែនាំដល់ក្រុ​ម​ប្រឹក្សា ឃុំ-សង្កាត់ ស្រុក-ក្រុង ជំរុញ​ប្រជាពលរដ្ឋ​ដាំ​ដុះ​ ដោយផលិត​ផល​កសិកម្ម​ប្រែ​ក្លាយ​វិបត្តិ​ទៅ​ជា​កាលានុវត្តភាព។

សម្ដេច ហ៊ុន សែន លើកទឹកចិត្តឱ្យមានការផលិតកសិកម្មនៅក្នុងខេត្តឱ្យកាន់តែច្រើន សម្រាប់ផ្គត់ផ្គង់ក្នុងខេត្ត។ លើសពីនេះ កសិផលទាំងនោះ អាចផ្គត់​ផ្គង់​កម្លាំង​ប្រដាប់​អាវុធជួរមុខ។

ស្ថានការណ៍ ជម្លោះព្រំដែនកម្ពុជា-ថៃ កាន់តែតឹងតែង ចាប់តាំងពីមានការផ្ទុះ​អាវុធនៅ​ទី​២៨ ខែ​ឧសភា បណ្ដាលឱ្យទាហានខ្មែរម្នាក់បានបាត់បង់ជីវិត ដោយសារភាគីថៃ ជាអ្នកផ្ដើមមុន​។ បញ្ហាព្រំដែនកាន់តែក្ដៅ រហូតដល់បង្រួមម៉ោងចេញចូលតាមច្រកព្រំដែន ហើយ​ឈានដល់បិទទាំងស្រុងនៅថ្ងៃទីយប់ថ្ងៃទី២៣មិថុនា ដោយភាគីថៃ៕ ប្រភព៖ ថ្មីៗ

LEAVE A RESPONSE

Your email address will not be published. Required fields are marked *