ម្ចាស់ទំព័រហ្វេស ប៊ុក Ka Greenចេញវីដេអូសុំទោស ក្រោយថតក្បួនរថយន្តប្រតិភូបង្ហោះអមដោយពាក្យអសីលធម៌
សមត្ថកិច្ចឱ្យម្ចាស់ទំព័រហ្វេស ប៊ុកឈ្មោះ Ka Green ត្រូវចូលខ្លួនមកបំភ្លឺជាបន្ទាន់ និងធ្វើវីដេអូ សុំទោសចំពោះទង្វើដែលបានប្រមាថមកលើថ្នាក់ដឹកនាំ និងប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ ក្រោយមកម្ចាស់ទំព័រហ្វេស ប៊ុកនេះ ក៏បានចេញវីដេអូសុំទោសជាសាធារណៈផងដែរ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងទំព័រហ្វេស ប៊ុកឈ្មោះ Ka Green ដែលបានថតក្បួនរថយន្តប្រតិភូនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ និងបង្ហោះដោយប្រើពាក្យសំដីអសីលធម៌ ជេរប្រមាថមកលើថ្នាក់ដឹកនាំ និងក្បួនប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលបានត្រឡប់ពីការអញ្ជើញសំណេះសំណាល សួរសុខទុក្ខ នាំយកសម្ភារៈ បរិក្ខារ គ្រឿងឧបភោគបរិភោគ ឱសថ និងថវិកា ផ្តល់ជូនគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ។
ដូច្នេះ ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ Ka Green ត្រូវចូលខ្លួនមកបំភ្លឺជាបន្ទាន់ និងធ្វើវីដេអូ សុំទោសចំពោះទង្វើដែលបានប្រមាថមកលើថ្នាក់ដឹកនាំ និងប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
តែក្រោយការចេញបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ម្ចាស់ទំព័រហ្វេស ប៊ុកខាងលើ ក៏បានចេញវីដេអូសុំទោសជាសាធារណៈ ដោយសាររូបគេមិនបានដឹងថាជាក្បូនរថយន្តរបស់ប្រតិភូ ស្នងការដ្ឋាននគរបាលខេត្តកណ្តាលនោះទេ ហើយក៏បានលុបវីដេអូនោះចេញផងដែរ៕ ប្រភព៖ vayo