អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាថា ៖ «ថៃបានប្រើប្រាស់ គ្រាប់បែកចង្កោម វាយសង្គ្រប់ទាំងកម្រោលលើទឹកដីកម្ពុជា បំពានច្បាប់អន្តរជាតិ»…
តាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថា សៀមបានប្រើគ្រាប់បែកចង្កោមវាយប្រហារមកលើទឹកដីកម្ពុជា ដែលបំពានលើច្បាប់អន្តរជាតិ ។ អនុសញ្ញាទីក្រុង Dublin ឆ្នាំ២០០៨ បានហាមឃាត់ការប្រើប្រាស់គ្រាប់បែកប្រភេទនេះ ដោយហេតុថា គ្រាប់បែកប្រភេទនេះមានមុខងារដូចគ្រាប់មីន ពេលគ្រាប់មេធ្លាក់ដល់ដី វាផ្ទុះពង្រាយគ្រាប់តូចៗពាសពេញកន្លែងដែលវាធ្លាក់ ហើយគ្រាប់តូចៗនេះក៏ផ្ទុះរៀងខ្លួនបន្តទៀត គ្រាប់ដែលមិនទាន់ផ្ទុះ នៅពេលយើងទៅប៉ះពាល់វាឲ្យមានចលនា វាផ្ទុះឡើងតែម្តង។

គ្រាប់នេះធ្វើឲ្យមានគ្រោះថ្នាក់ដល់ជនសុីវិលដែលរស់នៅតំបន់ដែលគ្រាប់នេះធ្លាក់។ ក្នុងសម័យសង្រ្គាមឆ្នាំ១៩៧០ -៧៥ អាមេរិកបានប្រើគ្រាប់របៀបនេះបាញ់មកក្នុងចំការកៅស៊ូនៅស្នួល មេមត់ ហើយបានបន្សល់គ្រាប់អស់នេះរហូតដល់សម័យខ្មែរក្រហម ធ្វើឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលខ្មែរក្រហមកេណ្ឌទៅជំរះព្រៃធ្វើចម្ការ។

