ផ្អើលនៅថៃ! តារាចម្រៀងប្រុសវ័យក្មេងម្នាក់ ត្រូវគេចា./ ក់នៅការ៉ាស់សាំងមួយកន្លែងកណ្ដាលក្រុងបាងកក រងរបួសធ្ងន់ធ្ងរ
កាលពីថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ សារព័ត៌មានថៃមួយបានចេញផ្សាយថា ប៉ូលិសក្នុងតំបន់ Haumark ប្រទេសថៃ ទទួលបានការរាយការណ៍ពីករណីចាក់ប្រហារបង្កជារបួសស្នាមមួយនៅវេលាម៉ោង ១ និង ៣០ នាទីយប់ នាការ៉ាស់សាំងមួយកន្លែងក្នុងសង្កាត់ Bang Kapi ក្រុងបាងកក ប្រទេសថៃ។ ប៉ូលិសបានចុះទៅដល់ទីតាំងភ្លាមៗ ហើយក៏រកឃើញថា ជនរងគ្រោះជាតារាចម្រៀងប្រុសល្បីម្នាក់ឈ្មោះ Peck Palitchoke ដេកនៅនឹងដី រងរបួសត្រង់ចង្កាធ្ងន់ធ្ងរ។ Pek ត្រូវក្រុមគ្រូពេទ្យធ្វើការសង្គ្រោះបឋម មុនបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យ។
តាមសាក្សីនៅកន្លែងកើតហេតុបាននិយាយថា Peck Palitchoke ត្រូវជនដៃដល់វ័យក្មេងម្នាក់ចាក់ប្រហារភ្លាមៗនៅត្រង់ចង្កាក្នុងការ៉ាស់សាំងមួយ។ ជនបង្កត្រូវគេស្គាល់ឈ្មោះថា Chutithep អាយុ ២១ ឆ្នាំ ដោយរូបគេត្រូវប៉ូលិសចាប់ខ្លួនបានភ្លាមៗនៅនឹងកន្លែងរួមជាមួយវត្ថុតាងជាកាំបិតប្រវែង ២០ សង់ទីម៉ែត្រ។
នៅប៉ុស្តិ៍ ជនបង្កបានសារភាពថារូបគេពិតជាបានប្រើប្រាស់កាំបិតចាក់លើបរិវេណមុខរបស់ Peck Phalitchoke ពិតមែន។ គេបានទម្លាយទៀតថា គេមិនបានស្គាល់តារាចម្រៀងខាងលើ ឬក៏មានគំនុំអ្វីជាមួយគ្នាឡើយ ហើយការចាក់នោះគឺដើម្បីតែការពារខ្លួនឯងប៉ុណ្ណោះ។ Chutithep បានលើកឡើងថា ដំបូងឡើយរូបគេបានទៅយកមិត្តស្រីចេញពីធ្វើការ ហើយក៏ឈប់ចាក់សាំង។ នៅពេលនោះ គេឃើញមានការឈ្លោះទាស់ទែងគ្នានៅពីក្រោយឡានដឹកទំនិញមួយរួចក៏ដើរទៅបំណងសម្រួលឱ្យឈប់ តែក៏ឃើញ Peck Phalitchok ដើរសំដៅមករកខ្លួន។ ភ្លាមៗ ដោយគិតថា Peck ចូលមកចង់វាយប្រហារគេ ជនបង្កក៏បានទាញកាំបិតលាក់ក្នុងខ្លួនចាក់ទៅលើ Peck មុនតែម្ដង។
បច្ចុប្បន្ន តារាចម្រៀងថៃ Peck កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយរង់ចាំស្ថានភាពរបួសធូរស្រាល ប៉ូលិសនឹងកោះហៅមកសួរនាំបន្ថែមជុំវិញករណីខាងលើនេះ៕
ប្រភព៖ Kenh14