ទាន់ហេតុការណ៍! សហរដ្ឋអាមេរិករំពឹងថា ថៃនឹងដោះលែង «ទាហានកម្ពុជាទាំង ១៨ នាក់» ដោយធ្វើការងារផ្ទាល់នឹងកម្ពុជា
តាមរយៈទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ នេះ បានបញ្ជាក់ឱ្យបានដឹងថា មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រសួងការបរទេសអាមេរិក បាននិយាយថា សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជា ដើម្បីចាប់ផ្ដើមការដោះលែងទាហានកម្ពុជា ១៨ នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង ២ បានចុះកិច្ចព្រមព្រៀងសន្តិភាព នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

តាមប្រភពបានឱ្យដឹងទៀតថា ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីជាន់ខ្ពស់អាមេរិកខាងលើបានបញ្ជាក់ដូច្នេះថា ៖ «ការរំពឹងរបស់យើងគឺនីតិវិធីដែលគោរពទៅតាមការប្ដេជ្ញាចិត្ត ពីគ្រប់ភាគីទាំងអស់នឹងចាប់ផ្ដើមក្នុងពេលឆាប់ៗ ដូចដែលពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព»។

គួរបញ្ជាក់ផងដែរថា នៅមុនជំនួបតាមការគ្រោងទុករបស់លោក ត្រាំ ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នាឱកាសនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិកហៅកាត់ថា APEC ក្នុងប្រទេសកូរ៉េខាងត្បូង មន្ត្រីអាមេរិកខាងលើដដែលក៏បាននិយាយដែរថា គោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់មិនមានការប្រែប្រួលឡើយ សូម្បីបន្តិច ហើយគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះកូរ៉េខាងជើង គឺការរំសាយអាវុធនុយក្លេអ៊ែរ៕
ប្រភព ៖ Fresh News




