លោកស្រីផែថងថានថា ថៃមិនទទួលស្គាល់យុត្តាធិការតុលាការ ICJ តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ មក
ពត៌មាន

លោកស្រីផែថងថានថា ថៃមិនទទួលស្គាល់យុត្តាធិការតុលាការ ICJ តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ មក

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ, នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានអះអាងថា ប្រទេសថៃមិនបានទទួលស្គាល់យុត្តាធិការរបស់តុលាការ ICJ នោះទេ រាប់ចាប់តាំងពីឆ្នាំ១៩៦០ រហូតមកដល់ពេលបច្ចុប្បន្ន។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្រ្តីរូបនេះ បានលើកឡើងទៀតថា បញ្ហាដែលកើតឡើងគួរតែដោះស្រាយនៅត្រង់កន្លែងដែលមានជម្លោះតែប៉ុណ្ណោះ ដោយមិនគួរពង្រីកបញ្ហាចេញទៅក្រៅទេ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានចេញសេចក្ដីថ្លែងការណ៍មួយ បញ្ជាក់ពីការរក្សាចេតនាលើកយក បញ្ហានៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយមិនដាក់បញ្ហានៅតំបន់ទាំង៤នេះ ក្នុងកិច្ចប្រជុំJBC កម្ពុជា-ថៃ នៅថ្ងៃទី១៤ ខែមិថុនា ខាងមុខនេះទេ។

សេចក្ដីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសបញ្ជាក់ដែរថា «កម្ពុជាសង្ឃឹមថា ប្រទេសថៃនឹងសហការបញ្ជូនសំណុំរឿងវិវាទទៅតុលាការ ICJ ក្នុងស្មារតីយុត្តិធម៌ ការកសាងទំនុកចិត្ត មិត្តភាពយូរអង្វែង និងភាពជាអ្នកជិតខាងល្អ។ យ៉ាងណា កម្ពុជាបានត្រៀមខ្លួន បន្តកិច្ចដំណើរការនេះ ដោយឯករាជ្យម្ចាស់ការ ក្នុងករណីដែលមិនមានកិច្ចសហការណាមួយ។»។

គួររំឭកផងដែរថា នៅព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ មានករណីផ្ទុះអាវុធមួយបានកើតឡើង នៅពេលដែលកងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជា ក្នុងតំបន់ដែលត្រូវបានទទួលស្គាល់ថាជាប៉ុស្តិ៍យោធាកម្ពុជាជាយូរមកហើយ។ ការផ្ទុះអាវុធនេះ បានបណ្ដាលឱ្យទាហានខ្មែរម្នាក់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។

ក្រោយករណីនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការតវ៉ាជាផ្លូវការប្រឆាំងនឹងការប្រើប្រាស់កម្លាំងដោយគ្មានមូលហេតុនេះ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យ បូរណភាពទឹកដី និងគោលការណ៍នៃភាពជាអ្នកជិតខាងល្អ មានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ រវាងប្រទេសទាំងពីរ៕

ប្រភព៖ FB Page/Ing Shinawatra (https://www.facebook.com/share/p/15wvaKKUjn/)

LEAVE A RESPONSE

Your email address will not be published. Required fields are marked *