សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រឿងប្តឹងទៅតុលាការអន្តរជាតិ (ICJ) នឹងមិនប្រែប្រួលឡើយ
ពត៌មាន

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រឿងប្តឹងទៅតុលាការអន្តរជាតិ (ICJ) នឹងមិនប្រែប្រួលឡើយ

តាមរយៈក្រសួងព័ត៌មាន បានឱ្យដឹងថា នៅយប់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រឿងប្តឹងទៅតុលាការអន្តរជាតិ នឹងមិនប្រែប្រួលទេ។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះ ដើម្បីឆ្លើយតបនឹងខមមិនរបស់មិត្តអ្នកអាននៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅយប់ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២៥។ បន្ថែមពីនេះ សម្តេចតេជោ ក៏បញ្ជាក់ផងដែរថា នោះជាការកែសម្រួលកម្លាំង មិនមែនជាការដកទ័ពទេ។

គួរឱ្យដឹងដែរថា នៅយប់ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនោះលើផេកផ្លូវការរបស់សម្ដេចឱ្យបានដឹងថា ៖ «ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះ ដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃ ដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់។ ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ ពិតជាចង់មានសន្តិភាពជាបន្ត និង មិនចង់ឃើញនូវសង្គ្រាមនោះឡើយ។ ការស្វែងរកដំណោះស្រាយតាមរយៈការចរចាត្រូវបានធ្វើតាំងពីកម្រិតថ្នាក់រាជរដ្ឋាភិបាល រហូតដល់មេបញ្ជាការនៅអង្គភាពជួរមុខទើបមានលទ្ធផលដូចពេលនេះ។ សូមបងប្អូនជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីដែលជាវិធីតែមួយគត់ដើម្បីបញ្ជៀសសង្រ្គាមបង្ហូរឈាម និង ដើម្បីមិត្តភាព និង កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង»។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២៥ មន្ត្រីអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា នៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២៥ យោធាកម្ពុជា-ថៃ បានជួបគ្នា និង បានសម្រេចធ្វើការកែសម្រួលកម្លាំងទាហានទាំងសងខាងឱ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយការប្រឈមមុខគ្នា៕

LEAVE A RESPONSE

Your email address will not be published. Required fields are marked *