សម្ដេចតេជោ ស្នើឱ្យអាជ្ញាធរថៃ បញ្ជូនបុគ្គលដែលបង្ហោះវីដេអូបំបាក់ទឹកចិត្តកងទ័ព មកឱ្យអាជ្ញាធរកម្ពុជា ចាត់វិធានការតាមច្បាប់
ពត៌មាន

សម្ដេចតេជោ ស្នើឱ្យអាជ្ញាធរថៃ បញ្ជូនបុគ្គលដែលបង្ហោះវីដេអូបំបាក់ទឹកចិត្តកងទ័ព មកឱ្យអាជ្ញាធរកម្ពុជា ចាត់វិធានការតាមច្បាប់

«ប្រសិនបើអាជ្ញាធរថៃ មិនឃុបឃិតជាមួយជន{ឈ្មោះ អែម ពិសិដ្ឋ}នេះទេ គួរតែក្លាហានចាប់ជននេះ បញ្ជូនឱ្យអាជ្ញាធរកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់»។ នេះជាការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១០ ខែមិថុនានេះ ឆ្លើយតបនឹងសកម្មភាពរបស់យុវជនម្នាក់ ដែលបានថតវីដេអូបង្ហោះលើបណ្ដាញសង្គម ដោយក្លែងពាក់ឯកសណ្ឋានយោធាកម្ពុជា និងសម្ដែងការសន្ទនា ប្រឌិតពីការខ្វះខាតរបស់កម្លាំងការពារជាតិកម្ពុជា។

យោងតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បុគ្គលរូបនេះ ត្រូវបានគេស្គាល់ថា ឈ្មោះ អែម ពិសិដ្ឋ មានស្រុកកំណើតនៅ ភូមិចំការអណ្ដូង ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម ក៏ប៉ុន្តែបច្ចុប្បន្នកំពុងស្នាក់នៅប្រទេសថៃ ដោយជាសកម្មជនគណបក្សប្រឆាំង មានតួនាទីជាប្រធានបណ្ដាញយុវជនកម្ពុជាសកល ប្រចាំប្រទេសថៃ។

សកម្មភាពរបស់បុគ្គលរូបនេះ ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ទុកថាមានចរិតញុះញង់ រើសអើង ដើម្បីបំបាក់ទឹកចិត្តកងទ័ព។
តាមអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បច្ចុប្បន្ន, សមត្ថកិច្ចកំពុងស្រាវជ្រាវរកបុគ្គលនេះ ដើម្បីអនុវត្តតាមនីតិវិធី។

ក្នុងពេលជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងការពារជាតិ ឯកឧត្តម ទៀ សីហា ក៏បានចេញមកសម្ដែងការប្រឆាំងយ៉ាងខ្លាំងចំពោះសកម្មភាពរបស់បុគ្គលរូបនេះផងដែរ ដោយបានសរសេរសំណេរបង្ហោះលើបណ្ដាញសង្គមថា «អ្នកឯងមិនមែនកងទ័ព មិននៅស្រុកខ្មែរផង កុំចេះតែនាំរឿងពេក នៅស្រុកគេបានសុខ នៅទៅ កុំរករឿងអ្នកនៅក្នុងស្រុក ។ ហើយ កម្ពុជាក៏មិនបានដកទ័ពទេ កុំញុះញង់ពេក គ្មាននរណាជឿទៀតទេ។»៕

LEAVE A RESPONSE

Your email address will not be published. Required fields are marked *