ទាន់សភាពការ!! ក្រសួងការងារ ​រៀបចំឱ្យមានការសម្ភាសរកការងារភ្លាមៗនៅ​ច្រក​ព្រំដែនកម្ពុជា-ថៃ ​សម្រាប់ពលករខ្មែរ
ពត៌មាន

ទាន់សភាពការ!! ក្រសួងការងារ ​រៀបចំឱ្យមានការសម្ភាសរកការងារភ្លាមៗនៅ​ច្រក​ព្រំដែនកម្ពុជា-ថៃ ​សម្រាប់ពលករខ្មែរ

ក្រសួងការងារ បានត្រៀមសម្របសម្រួលប្រជាពលរដ្ឋខ្មែរ វិលមកមាតុប្រទេសវិញ តាមរយៈ​អនុព័ន្ធការងារប្រចាំនៅប្រទេសថៃ នៅក្នុងករណី មានការបញ្ជូនពលរដ្ឋខ្មែរ មកប្រទេស​វិញ។ នេះជាការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជមាន ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅរសៀលថ្ងៃទី១៣ ខែមិថុនានេះ ដោយលោកបានគូសបញ្ជាក់ថា មកដល់កម្ពុជា ក្រសួងក៏បានរៀបចំយន្តការ សម្ភាសរកការងារធ្វើភ្លាមដល់ពលរដ្ឋខ្មែរ នៅនឹងច្រកព្រំដែនតែម្តង។

បណ្តាច្រកព្រំដែនសំខាន់ៗដែលបានរៀបសម្រាប់ការសម្ភាសការងារនេះ រួមមាននៅច្រកដូង ក្នុងខេត្តបាត់ដំបង, ច្រក​ទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ , ច្រកព្រំដែ នក្នុងក្រុង​ក្រុងសិរីសោភ័ណ និងច្រក​បន្ទាយមានជ័យ។ លោក ស៊ុន មេសា បញ្ជាក់ដូច្នេះ៖ «មកដល់ខ្មែរ យើងមានយន្តការទទួលយកបងប្អូនយើង។ ទន្ទឹមនឹងនោះ យើង​ក៏ដាក់​ឱ្យ​មាន​ការរកការងារភ្លាមៗ នៅច្រកព្រំដែនតែម្តង ដែលនៅច្រកដូង, និងច្រកបន្ទាយមាន​ជ័យ, ប៉ោយប៉ែត និងមួយទៀតនៅក្រុងសិរីសោភ័ណ។»។

យ៉ាងណាអ្នកនាំពាក្យរូបនេះ មិនបានលម្អិតពីប្រភេទការងារ ដែលត្រៀមសម្រាប់ពលរដ្ឋខ្មែរនោះទេ។ ចំណែកឯលទ្ធភាពក្នុងការ សម្ភាស និងផ្តល់ការងារដល់ពលរដ្ឋខ្មែរ ដែលអាចនឹងត្រឡប់មកមាតុប្រទេសវិញ ក៏មិនមានការបញ្ជាក់ដែរ។

ពាក់ព័ន្ធនឹងឱកាស​ការងារនេះដែរ លោក ស៊ុន មេសា ក៏ឆ្លៀតបន្ថែមដែរថា ក្រសួងការងារ ក៏នឹងផ្តល់ឱកាសបណ្តុះបណ្តាលជំនាញ និងវិជ្ជាជីវៈ ដល់​ពលរដ្ឋខ្មែរ ដែលរស់នៅក្នុងបណ្តាខេត្តជាប់ព្រំដែនជាមួយប្រទេសថៃដែរ ដើម្បីផ្តល់លទ្ធភាពរកការងារធ្វើនៅក្នុងប្រទេសដល់ពួកគេ ក៏ដូចជាបង្កើនឱកាស ឬលទ្ធភាពទៅធ្វើការនៅប្រទេសផ្សេងផងដែរ។

ពាក់ព័ន្ធនឹងស្ថានភាពរបស់ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃនេះ លោក លឹង សុផុន មន្ត្រីគម្រោងទទួលបន្ទុកផ្នែកពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ ប្រចាំប្រទេសថៃ បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា ពលរដ្ឋខ្មែរជាច្រើនបានសួរនាំគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងស្ថានភាពចុងក្រោយ នៅតាមក្រុមតេឡេក្រាម និង Messager។ ទន្ទឹមនឹងនេះ ពលរដ្ឋទាំងនោះ ក៏កំពុងព្រួយបារម្ភពីការរស់នៅ និងការបំពេញធ្វើការរបស់ខ្លួន ជាពិសេសខ្លាចរងការរើសអើង ឬឈានដល់ការប្រើប្រាស់ហិង្សាពីអ្នកជាតិនិយមថៃ។

ឆ្លើយតបនឹងស្ថានភាពនេះ លោក ស៊ុន មេសា បញ្ជាក់ថា ក្រសួង បាននិងកំពុងបន្តតាមដានស្ថានភាពវិវាទយ៉ាងយកចិត្តទុកដាក់ ហើយ​ក្រសួងនឹងប្រឹងប្រួលជួយពលរដ្ឋខ្មែរ ឱ្យអស់លទ្ធភាព។ ករណីមានចម្ងល់ ឬបញ្ហានានាដូចជាការរើសអើងជាដើម អ្នកក្រសួងការងារជំរុញឱ្យពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេស ទាក់ទងទៅកាន់អនុព័ន្ធការងាររបស់កម្ពុជា, ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ឬតាមរយៈទំព័រហ្វេសប៊ុកក្រសួងការងារ។

សូមរំឭកថា នៅព្រឹកថ្ងៃទី​១៣ ខែមិថុនា សម្តេច ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រ​ជា​ជនកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរ​ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែល​នឹងវិលត្រឡប់ពីថៃ។ បើតាមសម្តេច ហ៊ុន សែន ​កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបម៉ឺនកន្លែង។ ប្រមុខគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់បន្ថែមថា ពលករខ្មែរ អាចចាកចេញមកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះកំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន។

ការវិវឌ្ឍចុងក្រោយនៃវិវាទព្រំដែន គឺកម្ពុជា បានសម្រេចឈប់ទិញអ៊ីនធឺណិត អគ្គិសនី និងបញ្ឈប់ការចាក់ផ្សាយភាពយន្តថៃនៅតាមទូរទស្សន៍ ដើម្បីតបនឹងការគំរាមរបស់ថៃ ជុំវិញលទ្ធភាព និងអធិបតេយ្យភាពរបស់កម្ពុជា។ នេះជាគោលការណ៍ណែនាំ មួយ ក្នុងចំណោម៦ របស់សម្តេច ហ៊ុន សែន ឆ្លើយតបទៅភាគីថៃ៕

LEAVE A RESPONSE

Your email address will not be published. Required fields are marked *