រដ្ឋមន្ត្រីក្រសួងវប្បធម៌ខ្មែរថា ការកសាងប្រាសាទ Siha Nakhon នៅខេត្តបុរីរម្យ ជាការបំពានលើអត្តសញ្ញាណ និងព្រលឹងវប្បធម៌ជាតិខ្មែរ
លោកស្រីភឿង សកុណា៖ ការកសាងប្រាសាទ Siha Nakhon នៅក្នុងវត្ត Phu Man Fah មានទីតាំងនៅខេត្តបុរីរម្យ ប្រទេសថៃ ដោយចម្លងប្លង់ប្រាសាទអង្គរវត្ត គឺជាការបំពានលើអត្តសញ្ញាណ និងព្រលឹងវប្បធម៌ជាតិខ្មែរ
សៀមរាប៖ រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានមានប្រសាសន៍ថា ការកសាងប្រាសាទ Siha Nakhon នៅក្នុងវត្ត Phu Man Fah មានទីតាំងនៅខេត្តបុរីរម្យ ប្រទេសថៃដោយចម្លងប្លង់ប្រាសាទអង្គរវត្ត គឺជាការបំពានលើអត្តសញ្ញាណនិងព្រលឹងវប្បធម៌ជាតិខ្មែរ។
មានប្រសាសន៍នៅសន្និសីទសារព័ត៌មាននៅក្រោយកិច្ចប្រជុំបច្ចេកទេសលើកទី៤០របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា ប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានលើកយកការសាងសង់ប្រាសាទ Siha Nakhon នៅក្នុងវត្ត Phu Man Fah មានទីតាំងនៅខេត្តបុរីរម្យ ប្រទេសថៃដោយចម្លងប្លង់ប្រាសាទអង្គរវត្ត គឺការបំពានទាំងស្រុងទៅនឹងកាតព្វកិច្ចក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាបេតិកភណ្ឌពិភលោក ឆ្នាំ១៩៧២ បំពានទៅលើតម្លៃលេចធ្លោជាសកល និងសភាពដើមនៃរមណីយដ្ឋានអង្គរ បំពានទៅលើអត្តសញ្ញាណនិងព្រលឹងជាតិវប្បធម៌ខ្មែរ និងជាកង្វះខាតផ្នែកសីលធម៌បេតិកភណ្ឌយ៉ាងធ្ងន់ធ្ងរ។
ចំណែកអ្នកជំនាញADHOC សម្រាប់ការអភិរក្សបេតិកភណ្ឌ លោក សាស្ត្រាចារ្យ Mounir Bouchenaki ក៏បានលើកឡើងដែរថា សម្បត្តិបេតិកភណ្ឌនីមួយៗ មានភាពលេចធ្លោរជាសកល ដែលមិនអាចកាត់ថ្លៃបាន ។ លោកថា ដូច្នេះការចម្លងប្លង់របស់រមណីយដ្ឋានបេតិកភណ្ឌ ជារឿងដែលមិនមានការគោរពទាល់តែសោះ៕


