ភ្នំពេញ៖ អ្នករត់កង់បីប្រមាណ ២០០នាក់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន ឆ្លៀតពីការងារផ្ទាល់ខ្លួន មកជួយដឹកពលរដ្ឋខ្មែរ ត្រឡប់ពីប្រទេសថៃ ដោយមិនគិត កម្រៃ។ ការជួយដឹកជញ្ជូនឥតបង់ថ្លៃនេះ គឺដើម្បីសម្រួលដល់ការចំណាយរបស់ពលរដ្ឋ ជាពិសេស ពលករខ្វះខាត ក្នុងស្មារតី «ខ្មែរជួយខ្មែរ»។
លោក រ៉ា រ៉ូយ៉ា ប្រធានសមាគមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព ខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នាថ្ងៃទី២៦ ខែមិថុនានេះថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នៅពេលនេះ បានធ្វើឱ្យពលរដ្ឋមួយចំនួនមានការព្រួយបារម្ភពីសុវត្ថិភាព និងបាននាំ គ្នាវិលត្រឡប់មកស្រុកកំណើតវិញ។ តាមព័ត៌មានដែលលោកទទួលបាន ពលរដ្ឋខ្លះ ត្រូវ បានថៅកែថៃ មិនបើកប្រាក់ខែឱ្យ ហើយខ្លះក៏មិនមានប្រាក់ជាប់នឹងខ្លួនច្រើនដែរ។
ដោយក្ដីអាណិត លោក និងសមាជិករត់កង់បីជាង ២០០នាក់ ផ្សេងទៀត បានបណ្ដាក់គ្នា ជួយដឹកពលរដ្ឋចេញពីច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងមណ្ឌលសំចត ទៅផ្ទះរបស់ពួកគេនៅក្នុងក្រុងប៉ោយប៉ែត ឬចំណតឡានឈ្នួល ដោយមិនយកកម្រៃ។
សម្រាប់ លោក រ៉ូយ៉ា សកម្មភាពនេះ មិនគ្រាន់តែជួយកាត់សម្រួលថ្លៃចំណាយមួយផ្នែកតូចរបស់ពលរដ្ឋនោះទេ ប៉ុន្តែវាបានបង្ហាញពីស្មារតី «ខ្មែរជួយខ្មែរ» ជាពិសេស បង្កើនភាពកក់ក្ដៅដល់ពលរដ្ឋ ដែលវិលត្រឡប់មកមាតុភូមិវិញ។
លោក រ៉ា រ៉ូយ៉ា បន្ថែមថា៖«សម្រាប់ពួកយើង គឺដឹកត្រឹមក្រុងប៉ោយប៉ែត មិនយកប្រាក់នោះទេ ប៉ុន្តែបងប្អូនយើងជាសមាជិក បានឆ្លៀតដឹកពួកគាត់ (ពលរដ្ឋ) ដល់ស្រុកអូរជ្រៅ និងស្រុកផ្សេងទៀតឯណោះ ហើយក៏អត់យកប្រាក់ពីបងប្អូនអ្នកជិះដែរ។ សម្រាប់សកម្មភាពនេះ គឺពួកយើងចំណាយធនធានខ្លួនឯង ទាំងប្រេងសាំង និងពេលវេលា ដូច្នេះ ការដឹកជញ្ជូននេះ គឺជាការជួយដោះទុក្ខលំបាករបស់គាត់(ពលរដ្ឋ) ក្នុងការធ្វើដំណើរដោយមិនចាំបាច់ចំណាយថវិកាមួយកម្រិតដែរ ទោះមិនបានជួយចប់ចុងចប់ដើមក៏ដោយ។ សំខាន់ទឹកចិត្តពួកយើងជួយគាត់ ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ក្នុងគ្រាលំបាក។»។
បច្ចុប្បន្ន សមាគមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព មានសមាជិកប្រមាណ ៣ ០០០នាក់ និងមានកង់បីជិត ១ ០០០គ្រឿង ប៉ុន្តែមានសមាជិកប្រមាណ ២០០នាក់ប៉ុណ្ណោះ ដែល ស្ម័គ្រចិត្តដឹកជញ្ជូនពលរដ្ឋដោយឥតគិតថ្លៃនេះ។ ក្នុងមួយថ្ងៃ អ្នករត់កង់បីម្នាក់ អាចដឹកពលរដ្ឋបានចន្លោះពី២ទៅ៤លើក៕
ប្រភព៖ ថ្មីៗ