រដ្ឋមន្ដ្រីមហាផ្ទៃកម្ពុជា លោកអភិសន្ដិបណ្ឌិត ស សុខា ថា ថៃកំពុងសម្តែងជាតួកម្សត់ និងបែបកូនក្មេងក្នុងល្ខោនបិទ-បើកព្រំដែន
ពត៌មាន

រដ្ឋមន្ដ្រីមហាផ្ទៃកម្ពុជា លោកអភិសន្ដិបណ្ឌិត ស សុខា ថា ថៃកំពុងសម្តែងជាតួកម្សត់ និងបែបកូនក្មេងក្នុងល្ខោនបិទ-បើកព្រំដែន

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា លោកអភិសន្ដិបណ្ឌិត ស សុខា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានផ្ញើសារទៅភាគីថៃ ដោយកត់សម្គាល់ថា ទាំងរដ្ឋាភិបាល កងទ័ព និងក្រុមប្រឆាំងថៃ កំពុងចែកជើងគ្នារកនឹកសកម្មភាពបង្កហេតុ បង្វែរសាច់រឿង បំភ័ន្តសាធារណមតិថៃខ្លួនឯង និងសហគមន៍អន្តរជាតិជាបន្តបន្ទាប់ ដើម្បីសម្រាលអំពើស្មោកគ្រោកបង្កនៅតំបន់មុំ៣ បន្លប់រឿងនយោបាយបែកបាក់ផ្ទៃក្នុងដ៏រ៉ាំរៃ និងបិទបាំងដំណើរលើថ្មមាត់ជ្រោះដ៏ផុយស្រួយ នៃរាជរដ្ឋាភិបាលបច្ចុប្បន្ន។ តាមរយៈបណ្ដាញសង្គម Facebook លោកអភិសន្ដិបណ្ឌិត ស សុខា បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្លាចអន់ ឬក៏ច្រឡំថាជាតិសាសន៍គេល្ងង់ជាងខ្លួន? រាប់ចាប់ពីវិនាទីដ៏អាក្រក់ជូរជាតិបំផុត ដែលទាហានថៃឆ្មក់បាញ់ប្រហារ បណ្ដាលឱ្យកងទ័ពកម្ពុជាពលីទាំងថ្ងៃមិនទាន់រះ កាលពីថ្ងៃទី២៨ ខែឧសភា នៅតំបន់មុំ៣ ខេត្តព្រះវិហារ រហូតមកដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ភាគីថៃ ទាំងថៃរដ្ឋាភិបាល ថៃកងទ័ព និងក្រុមថៃប្រឆាំងថៃ បានចែកជើងគ្នារកនឹកធ្វើសកម្មភាពបង្កហេតុ បង្វែរសាច់រឿង កាយកប់ត្រឡប់គ្រប បំភ័ន្តសាធារណមតិថៃខ្លួនឯង និងសហគមន៍អន្តរជាតិ ជាបន្តបន្ទាប់ ដើម្បីសម្រាលអំពើស្មោកគ្រោកបង្កនៅតំបន់មុំ៣ បន្លប់រឿងនយោបាយបែកបាក់ផ្ទៃក្នុងដ៏រ៉ាំរៃ និងបិទបាំងដំណើរលើថ្មមាត់ជ្រោះដ៏ផុយស្រួយ នៃរាជរដ្ឋាភិបាលបច្ចុប្បន្ន។ មិនចង់លម្អិតច្រើនលើទង្វើមិនសុីវិល័យរបស់ថៃ គិតត្រឹមសភាពការណ៍ព្រឹកថ្ងៃទី២៥ ខែមិថុនានេះ បន្ទាប់ពីផុងខ្លួន និងវិលក្បង់អស់ក្បួន ដូចពាក្យដូនតាខ្មែរផ្ដាំកូនចៅ ថៃស្រាប់តែចេញមុខសម្ដែងដើរតួកំសត់ឱ្យជនជាតិថៃ និងសហគមន៍អន្តរជាតិជាគូកនបនភឿនខ្លួនមួយចំនួនបានទស្សនា និងជឿងប់ថា “ឥឡូវ ថៃបើកច្រកព្រំដែនអស់ហើយ នៅឡើយតែខ្មែរទេតើ ដែលបន្តបិទ ផ្ទុយពីជំហរថៃ”។ ខ្មែរមួយនគរដែលបាននិងកំពុងរួមចិត្ត និងបេះដូងគាំទ្ររាជរដ្ឋាភិបាល ក៏បន្តទស្សនាល្ខោនថៃមួយឈុតនេះទៀតដែរ។ ដោយឡែកសហគមន៍អន្តរជាតិ ជាទូទៅ ក៏ប្រហែលជាផ្ដើមជ្រេញនឹងទង្វើថៃអស់ហើយ ដ្បិតពួកគេក៏តាមមិនទាន់ក្បួនល្បិចបែបកូនក្មេងរបស់ថៃដែរ។ សូមសាធារណជនជួយពិចារណា? បើកតែទ្វារច្រក តែមិនឱ្យមនុស្សឆ្លងកាត់ជាសាធារណៈ តើនេះឥរិយាបថអ្វី? ទង្វើបែបនេះវាកាន់តែជាកំណត់ត្រាបញ្ចូលក្នុងសំណុំរឿងថ្កោលទោស និងដាក់បន្ទុកផ្លូវច្បាប់លើថៃទៅវិញទេ។ បើថៃមានសុចរិតភាព និងបើកច្រកទាំងអស់ជាផ្លូវការមែននោះ ថៃត្រូវចេញលិខិតប្រកាសបើកជាចំហ និង ឬ ថ្លែងជាសាធារណៈដល់ភាគីកម្ពុជា និងពិភពលោកឱ្យដឹងថាខ្លួនព្រមបើកច្រកដំណើរការដូចដើមទាំងស្រុងឡើងវិញ ដែលថៃបានបិទដោយឯកឯងកន្លងទៅ។ កុំបើកចំហតែទ្វាដើម្បីបង្ហាញរូបភាព តែបិទមិនឱ្យមានការចេញចូលជាទូទៅនោះ។ នេះហៅថា «បើកតែបិទ» ក្នុងឧបាយកលពិសពល់ ស្មានតែពិភពលោកមិនស្គាល់ចរិតខ្លួន។ ជារួម ផ្ដើមចេញពីរឿងបង្កហេតុនៅតំបន់មុំ៣ ក្បែរព្រំដែនឡាវ ថៃបានជ្រុលខ្លួនបង្កើតរឿងតាមខ្សែបន្ទាប់ព្រំដែនជាមួយកម្ពុជា រហូតដល់ព្រំដែនចាំយាមជាប់មាត់សមុទ្រ។ ប្រវត្តិសាស្ត្រជូរចត់របស់ជាតិជាមួយថៃ ខ្មែរស្គាល់ច្បាស់ណាស់! ខ្មែរក្រជាងថៃ តែខ្មែរថ្លៃថ្នូរជាងថៃ! ថៃមិនស្គាល់សង្គ្រាម តែខ្មែរឆ្អែតនិងសង្គ្រាម! ថៃមានបាន ខ្មែរជួយអរ ហើយខ្មែរត្រូវការតែការគោរព និងសហប្រតិបត្តិការដោយស្មើភាពតាមយន្តការច្បាប់ កិច្ចព្រមព្រៀង និងយន្តការអន្តរជាតិ។ ឈរលើមូលដ្ឋានគ្រឹះនៃខ្មែរសីហនុ ខ្មែរតេជោធិបតី ផ្ដល់តម្លៃខ្ពស់លើសន្តិភាព និងភាពថ្លៃថ្នូរនៃមនុស្សជាតិ»៕

LEAVE A RESPONSE

Your email address will not be published. Required fields are marked *