ឆ្លាតណាស់កូនស្រី!! តារាកំប្លែង នាយក្រិន អាភ័ព្វតែជីវិតគូ តែមានសំណាងបានកូនៗចេះដឹងខុសត្រូវ ជួយការងារឪពុករកលុយជុំគ្នាដើម្បីផ្គត់ផ្គង់ជីវភាព
មហាជននិយមតាមដានរឿងរ៉ាវសិល្បៈ ជាពិសេស ពាក់ព័ន្ធនឹងតារាកំប្លែង ទេស សុជន ហៅ នាយ ក្រិន ច្បាស់ជាបានជ្រាបហើយថា កាលពីអំឡុងចុងឆ្នាំ ២០១៩ លោកត្រូវបានភរិយាទី ២ រត់ចោល លួចផិតក្បត់មានអ្នកថ្មី ដោយបន្សល់ទុកកូនប្រុសស្រី ៣ នាក់ ឱ្យលោកមើលថែក្នុងបន្ទុក។
កាលនោះ ក្រោយពីជួបរឿងខាងលើហើយ នាយ ក្រិន ក៏បាននាំកូនៗទាំង ៣ ចាកចេញពីភ្នំពេញ ដើម្បីទៅរស់នៅឯស្រុកកំណើតនាខេត្តបាត់ដំបង ខណៈមុខជំនួយបើកភោជនីដ្ឋាន ក៏ត្រូវក្ស័យធន់។ មិនត្រឹមតែប៉ុណ្ណោះ អំឡុងពេលផ្អាកអាជីពសិល្បៈរស់នៅស្រុកកំណើត នាយក្រិន ក៏ធ្លាក់ខ្លួនឈឺផង ទទួលបន្ទុកចិញ្ចឹមបីបាច់កូនៗទាំង ៣ ផង និង ឪពុកចាស់ជរាទៀត។
យ៉ាងណាមិញ នៅដើមឆ្នាំ ២០២៤ នាយ ក្រិន បានវិលមកកាន់ទីក្រុងភ្នំពេញ និង បានបង្ហាញវត្តមានក្នុងការសម្តែងកំប្លែងជាថ្មីម្តងទៀតហើយ ដោយការវិលត្រឡប់មកវិញលើកនេះ ធ្វើឱ្យអ្នកគាំទ្ររំភើបចិត្ត ក៏ព្រោះតែលោកចាប់ផ្តើមមានការងារធ្វើជាថ្មី និង រកប្រាក់ចំណូលបាន ដើម្បីផ្គត់ផ្គង់ជីវភាព។
ដោយឡែក ថ្មីៗនេះ មហាជនអ្នកគាំទ្រហាក់កាន់តែសប្បាយចិត្ត និង ជួយអរដល់ នាយក្រិន កាន់តែខ្លាំង ខណៈលោកទទួលបានការងារជាបន្តបន្ទាប់ ជាពិសេសនោះ គឺមិនត្រឹមតែលោកនោះទេ ដែលមានការចេញសម្តែង ពោលគឺសូម្បីកូនៗរបស់លោក ក៏បានចូលរួមសម្តែងជាមួយលោកដែរ។
ជាការពិតណាស់ បើទោះជា នាយ ក្រិន មានកាយសម្បទាមិនពេញលក្ខណៈដូចគេ ប៉ុន្តែលោកប្រឹងប្រែងមើលថែកូនៗទាំង ៣ បានយ៉ាងល្អតែម្នាក់ឯង។ ម្យ៉ាងវិញទៀត បើទោះជារឿងរ៉ាវអាពាហ៍ពិពាហ៍មិនសមប្រកប តែ នាយក្រិន មានសំណាង ដែលមានកូនៗនៅតូចសុទ្ធតែឆ្លាតពូកែ ចេះជួយការងារតាំងពីដូច ដើម្បីរកលុយផ្គតផ្គង់ជីវភាព៕