ក្រសួងការបរទេសថៃគ្រោងនឹងធ្វើការតវ៉ាជាផ្លូវការទៅក្រសួងការបរទេសកម្ពុជា បន្ទាប់ពីការស៊ើបអង្កេតបង្ហាញថា មីនដែលបានផ្ទុះកាលពីថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ បណ្តាលឱ្យកងទ័ពថៃ ៣ នាក់រងរបួស គឺជាមីនដែលទើបនឹងដាក់ថ្មីៗនេះ។ នេះត្រូវបានគេចាត់ទុកថាជាការបំពានលើអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាបានចុះហត្ថលេខានៅឆ្នាំ១៩៩៧ និងថៃនៅឆ្នាំ១៩៩៩។
ក្រោយហេតុការណ៍ផ្ទុះនេះ កងវិស្វកម្មថៃបានរកឃើញគ្រាប់មីនប្រភេទ PMN-2 ចំនួន ៣ គ្រាប់បន្ថែមទៀត ដែលជាប្រភេទមីនផលិតនៅរុស្ស៊ី។
ក្នុងរូបភាពដែលថតដោយកាសែតបាងកកប៉ុស្តិ៍នៅថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញឱ្យឃើញពីនាយករដ្ឋមន្ត្រីព្យួរពីតំណែង និងបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងវប្បធម៌ Paetongtarn Shinawatra និងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ Nattaphon Narkphanit បានទៅសួរសុខទុក្ខពលទាហាន Thanapat Huiwan ដែលរងរបួសជើងនៅក្នុងមន្ទីរពេទ្យយោធាក្នុងបន្ទាយ Sunpasitthiprasong ក្នុងខេត្ត Ubon Ratchathani។