មន្រ្តីមួយចំនួនត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ និងដកហូតមុខតំណែងក្នុងរយៈពេល៩ខែ
ពត៌មាន

មន្រ្តីមួយចំនួនត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ និងដកហូតមុខតំណែងក្នុងរយៈពេល៩ខែ

ភ្នំពេញៈ ៩ខែដើមឆ្នាំ២០២៥នេះ អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ បានដោះស្រាយបណ្ដឹងចំនួន៦០០ ក្នុងចំណោមបណ្តឹងសរុប៧៧៥បណ្ដឹង ក្នុងនោះបានអនុវត្តទណ្ឌកម្មមន្ត្រីមួយចំនួនទៀត ដោយ​បណ្ដេញ​ចេញ​ពីក្របខ័ណ្ឌ និងដកហូតមុខតំណែងជាដើម។

លោកឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុង​ចំ​ណោម​បណ្តឹងទាំង៦០០ ដែលបានដោះស្រាយនោះ រួមមាន ផ្នែករដ្ឋបាល មាន២៨៧បណ្ដឹង និងផ្នែកនគរបាល មាន​៣១៣បណ្ដឹង។ លទ្ធផលនេះ ស្មើនឹង៧៧ភាគរយ នៃបណ្តឹង សរុបចំនួន ៧៧៥បណ្ដឹង។

បើធៀបរយៈពេល៩ខែដូចគ្នា កាលពីឆ្នាំ២០២៤ គឺអគ្គាធិការដ្ឋាន សម្រេចការដោះស្រាយបណ្ដឹងបានចំនួន ៧៤ភាគរយ កើនឡើង៣ភាគរយ។ រីឯពាក្យបណ្តឹងសល់ចំនួន១៧៥បណ្តឹងទៀត កំពុងស្ថិតក្នុ​ងដំណើរ​ការ​តាមនីតិវិធីដោះស្រាយ ក្នុងនោះផ្នែករដ្ឋបាលមាន២៨បណ្ដឹង និងផ្នែកនគរបាលមាន១៤៧បណ្ដឹង។ នេះ​បើ​យោង​តាមក្រសួងមហាផ្ទៃ។

អគ្គាធិការដ្ឋាន មានភារកិច្ច ធ្វើអធិការកិច្ច ត្រួតពិនិត្យសកម្មភាពការងារ និង​កិច្ច​ប្រតិ​ប​ត្តិកា​ររ​បស់មន្ត្រី​រាជ​ការ​នៅ​ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃ។ ក្នុងចំណោមតួនាទីភារកិច្ចជាច្រើនទៀត អគ្គាធិការដ្ឋាន ក៏​មាន​ភារកិច្ចសហការជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ក្នុងការលើកសំណើជូនរដ្ឋមន្ត្រី ពិនិត្យ សម្រេច​ផ្អាកការងារបណ្តោះអាសន្នចំពោះមន្ត្រីមានកំហុសធ្ងន់ធ្ងរ អង្កេតស្រាវជ្រាវពីកំហុសរបស់មន្ត្រីរាជការ ស្ថិត​ក្នុង​ក្របខ័ណ្ឌរបស់ក្រសួងមហាផ្ទៃផងដែរ។

ជាលទ្ធផលនៃការទទួល អង្កេត និងដោះស្រាយពាក្យបណ្ដឹងទាំងនោះ លោកឧត្តមសេនីយ៍ឯក ឯម វិចិត្រ ក៏បាន​ឱ្យដឹងដែរថា អគ្គាធិការដ្ឋាន បានពិនិត្យឃើញភាពខ្វះចន្លោះ នៃការបំពេញភារកិច្ចរបស់មន្រ្តីរាជការមួយចំនួន និងបានលើកយោបល់គោរពជូនថ្នាក់ដឹកនាំក្រសួង ដើម្បីអនុវត្តទណ្ឌកម្ម​ចំពោះ​មន្ត្រី​ក្រោម​ឱវាទ​ក្រសួង​មហា​ផ្ទៃមួយចំនួន។

លោកបញ្ជាក់ថា៖«ទណ្ឌកម្មទាំងនោះរួមមាន បណ្ដេញចេញពីក្របខ័ណ្ឌ ដកហូតមុខតំណែង បន្ថយឋានន្តរសក្តិ ស្តីបន្ទោស សម្រួលភារកិច្ច អប់រំព្រមានជាលាយលក្ខណ៍អក្សរ និងណែនាំ ជាដើម»។

ក្រៅពីការដោះស្រាយបណ្ដឹងដែលជាភារកិច្ចស្នូលមួយ ក្នុងរយៈពេល៩ខែនេះដែរ អគ្គាធិការដ្ឋាន​បាន​ចាត់​បញ្ជូន​មន្ត្រី​ចូល​រួមវគ្គបណ្តុះបណ្តាលនានាក្នុងប្រទេសចំនួន១៣វគ្គ ដែលមានមន្តី្រចូលរួមចំនួន៤២រូប និងបាន​ចាត់​បញ្ជូន​មន្ត្រី​ទៅចូលរួមវគ្គបណ្តុះបណ្តាលនានាក្រៅប្រទេសចំនួន៣វគ្គ មានមន្ត្រីចូលរួមចំនួន៨រូប។ លើសពីនេះ ផ្ទៃក្នុងអង្គភាព បានរៀបចំវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីចំនួន២វគ្គ។

ក្រៅពីនេះ អគ្គាធិការដ្ឋានបានទទួលជួបជាមួយប្រតិភូកងកម្លាំងនគរបាលតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង និងគណៈកម្មការឯករាជ្យប្រឆាំងអំពើពុករលួយ (ICAC) ដឹកនាំដោយលោកស្រី TSUI Sheung-Yee Sally នាយកស៊ើបអង្កេត នៃនាយកដ្ឋានប្រតិបត្តិការនគរបាលហុងកុង ដើម្បីពិភាក្សាការងារ ចែករំលែក និង​ផ្លាស់ប្ដូរបទពិសោធការងារល្អៗ ពាក់ព័ន្ធនឹងការងារអធិការកិច្ច ឬអង្កេតស្រាវជ្រាវដោះស្រាយបណ្ដឹង៕

ប្រភព៖ post khmer

LEAVE A RESPONSE

Your email address will not be published. Required fields are marked *