សម្ដេចតេជោប្រាប់ឱ្យបណ្តេញ ធី សុវណ្ណថា ចេញពីគណបក្សប្រជាជនកម្ពុជា និងក្របខ័ណ្ឌរដ្ឋទាំងអស់ ករណីបង្ហោះសារតាម Facebook ប៉ះពាល់ដល់កងទ័ព
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ “ម្តងហើយម្តងទៀត ធី សុវណ្ណថា បានបង្ហោះសារតាម Facebook ដែលមានចរិតមិនសមស្រប។ ខ្ញុំផ្ទាល់បានហៅទូរស័ព្ទប្រាប់គាត់ឲ្យលុបចោលនៅអត្ថបទ២កាលពីប៉ុន្មាន
ថ្ងៃមុន។
ថ្ងៃនេះគាត់បង្ហោះសារប៉ះពាល់ដល់កងទ័ពក្នុងពេលកងទ័ពកំពុងការពារទឹកដី។
ខ្ញុំបានប្រាប់ទៅឯកឧត្តម គួច ចំរើន ប្រធានគណបក្សខេត្តកណ្តាល ឲ្យបណ្តេញចេញពីគណបក្សប្រជាជនកម្ពុជា។ ខ្ញុំបានប្រាប់ទៅឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យបញ្ចប់មុខតំណែង ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រ និងបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់។
ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច ខ្ញុំមានសិទ្ធិនិងធ្វើបែបនេះដើម្បីរក្សាវិន័យបក្សសម្រាប់មន្ត្រីដែលជាសមាជិកបក្សទាំងអស់។