ភ្នំពេញ៖ សភាជាតិស៊ុយអែត ឆ្លើយតបនឹងសំណើនៃការបង្អាក់នៃការលក់យន្តហោះចម្បាំងឱ្យថៃ ដែលលោក Moon Pich សហការជាមួយប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស សាមគ្គីបានដាក់ញ្ញត្តិ ទៅកាន់ស៊ុយអែតតាមរយៈអ៊ីមែល។ ជាលទ្ធផល សភាជាតិស៊ុយអែត តាមរយៈអ៊ីមែល បានឆ្លើយតបថានឹងបញ្ជូនទៅកាន់សមាជិកនីមួយៗរបស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការពារជាតិពិនិត្យ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់លោក Moon Pich បានគូសបញ្ជាក់ថា រដ្ឋាភិបាលស៊ុយអែត បានរៀបចំឲ្យមានអធិការកិច្ចទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យការប្រើប្រាស់សព្វាវុធរបស់ស៊ុយអែតដែលត្រូវបាននាំចេញ ឲ្យស្របទៅតាមច្បាប់ និងបទប្បញ្ញត្តិ។ នេះមានន័យថា សព្វាវុធរបស់ស៊ុយអែតដែលលក់ទៅឲ្យប្រទេសថៃ នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យក្នុងការប្រើប្រាស់តឹងរ៉ឹងជាងមុន។
ក្រោយទទួលបានការឆ្លើយតប លោក Moon Pich បានគូសបញ្ជាក់ថា «នេះមិនមែនជាទីបញ្ចប់ឡើយ វាជាការបើកផ្លូវឲ្យយើងបន្តបញ្ចុះបញ្ចូលសមាជិកសភានីមួយៗដែលជាសមាជិកនៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការការពារជាតិ។ ប្រសិនបើសមាជិកសភាណាម្នាក់ នៅក្នុងគណៈកម្មាធិការ គាំទ្រញត្តិរបស់ពួកយើង នោះបញ្ហារបស់ពួកយើងនឹងត្រូវលើកយកទៅពិភាក្សានៅឯកិច្ចប្រជុំរបស់សភាជាតិស៊ុយអែត។»។
លោកបានរៀបរាប់បន្តថា «នៅក្នុងទំនាក់ទំនងអន្តរជាតិ គេតែងឲ្យតម្លៃដល់ផលប្រយោជន៍របស់ជាតិគេ ជាជាងបញ្ហារបស់ពួកយើង។ ទោះជាយ៉ាងណា ពួកយើងមិនអាចបោះបង់ឡើយ ព្រោះវាទាក់ទងដល់សន្តិសុខជាតិ សេចក្ដីសុខរបស់ប្រជាជន និងអនាគតរបស់ជាតិយើង។ ពេលនេះ ដោយកម្លាំងនៃសាមគ្គីភាព សំឡេងរបស់ពួកយើងបានឮទៅដល់សភាជាតិស៊ុយអែត ហើយកង្វល់របស់ពួកយើងអាចនឹងត្រូវយកទៅពិភាក្សា និង ដោះស្រាយ។»។
គួរបញ្ជាក់ថា កាលពីខែសីហាកន្លងទៅ ស៊ុយអែត និងថៃបានចុះអនុស្សរណៈក្នុងការបញ្ជាទិញយន្តហោះចម្បាំងពីស៊ុយអែត ដែលធ្វើឱ្យប្រជាជនកម្ពុជាមានការជំទាស់ និងមានការខឹងសម្បារ ដោយសារថៃប្រើប្រាស់យន្តហោះទម្លាក់គ្រាប់មកលើផ្ទះប្រជាជនស៊ីវិល ដែលជាការរំលោភសិទ្ធមនុស្សយ៉ាងធ្ងន់ធ្ងរ៕