កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការត្រៀមទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង មកកាន់ប្រទេសកម្ពុជា…
ភ្នំពេញ៖សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ កញ្ញានេះ បានជួបជាមួយ លោក អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា។ក្នុងជំនួបនោះ ភាគីទាំងពីរបានប្រកាសត្រៀមខ្លួនរួចរាល់ក្នុងការត្រៀមទទួលស្វាគមន៍ប្រធានាធិបតីបារាំង លោក ម៉ាក្រុង មកកម្ពុជា នៅក្នុងឆ្នាំ២០២៦ ខាងមុខ ហើយសង្ឃឹមថាទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែរីកចម្រើន។
ក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន លោក អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតបារាំង បានជម្រាបសម្តេចហ៊ុន សែន ពីការត្រៀមខ្លួនរបស់លោកក្នុងការរៀបចំនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង មកកម្ពុជា នៅក្នុងឆ្នាំ២០២៦ ខាងមុខ ហើយសង្ឃឹមថា វត្តមានរបស់លោកប្រធានាធិបតីបារាំង នៅកម្ពុជានាពេលខាងមុខនេះ នឹងញ៉ាំងឱ្យទំនាក់ទំនងកម្ពុជា-បារាំង កាន់តែរីកចម្រើន។

សម្តេច ហ៊ុន សែន បានសម្តែងនូវក្តីពេញចិត្ត ហើយក៏ត្រៀមដើម្បីទទួលនូវវត្តមានរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង មកកាន់ព្រះរាជាណាចក្រកម្ពុជា។សម្រាប់សម្តេចបានលើកឡើងអំពីទំនាក់ទំនង រវាងកម្ពុជា នឹងបារាំង ដោយសម្តេចបានបង្ហាញនូវការពេញចិត្ត ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការរីកចម្រើន នឹងការវិវត្តជាបន្តបន្ទាប់។

ទាក់ទនងនឹងបញ្ហាព្រំដែនជាមួយថៃវិញស្នើឱ្យបារាំងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការតាមដានអំពីស្ថានការណ៍រវាងព្រំដែនកម្ពុជា នឹងថៃ ជាពិសេស គឺការជំរុញឱ្យភាគីទាំងពីរ អនុវត្តនូវបទឈប់បាញ់ឱ្យបានពេញលេញ ដោយសម្តេច បានបញ្ជាក់ទៅកាន់ឯកអគ្គរដ្ឋទូតថ្មីរបស់បារាំងថា បទឈប់បាញ់នេះ នៅតែមានភាពផុយស្រួយ ហើយអ្វីដែលកម្ពុជា ចង់ឃើញចង់បាននោះ គឺមិនចង់ឱ្យបារាំងទៅថ្កោលទោសប្រទេសណាទេ ក៏ប៉ុន្តែគ្រាន់តែបារាំងខិតខំជំរុញឱ្យភាគីទាំងពីរ មានការអត់ធ្មត់ខ្ពស់ ដើម្បីអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ នឹង វិលមករកប្រក្រតីភាពឡើងវិញ។

ឯកអគ្គរដ្ឋទូតថ្មីរបស់បារាំងបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នេះ ដោយបារាំង នឹងបន្តតាមដានជាប្រចាំ។នេះបើយោងតាមទូតបារាំង។ចំពោះទំនាក់ទំនងកម្ពុជា បារាំង ក៏បានរំលេចដោយសង្ឃឹមថា សម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងបារាំង នឹងកាន់តែរីកចម្រើន ជាពិសេស គឺការពង្រីកនូវពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នាពេលអនាគត៕
