ឧបនាយករដ្ឋមន្ត្រីថៃ៖ សង្គ្រាមព្រំដែន “ជាមធ្យោបាយចុងក្រោយ”
ពត៌មាន

ឧបនាយករដ្ឋមន្ត្រីថៃ៖ សង្គ្រាមព្រំដែន “ជាមធ្យោបាយចុងក្រោយ”

កាលពីថ្ងៃអង្គារ ទី៣ ខែមិថុនា ឧបនាយករដ្ឋមន្ត្រីថៃ លោក ភូមថាំ វេឆាយ៉ាឆៃ បានថ្លែងថា សង្គ្រាមគួរតែត្រូវបានចាត់ទុកជាមធ្យោបាយចុងក្រោយបំផុត នៅក្នុងជម្លោះព្រំដែនរបស់ប្រទេសថៃជាមួយប្រទេសកម្ពុជា ដែលជាប្រទេសជិតខាង។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ ដោយដកស្រង់ការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីថៃរូបនេះទៀតថា ថៃប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី។

សេចក្តីថ្លែងការណ៍របស់លោកបានកើតឡើង ខណៈដែលកម្ពុជាបង្ហាញពីបំណងនាំយកជម្លោះព្រំដែនរវាងប្រទេសទំាងពីរ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ ចំណែកឯប្រទេសថៃវិញកំពុងស្វែងរកការចរចា តាមយន្តការគណៈកម្មការព្រំដែនចម្រុះ(JBC)កម្ពុជា-ថៃ។

លោក ភូមថាំ ដែលមានតួនាទីជារដ្ឋមន្ត្រីការពារជាតិថៃដែរនោះ បានបញ្ជាក់ថា “អ្វីដែលសំខាន់នៅទីនេះគឺថា ការប្រើប្រាស់កម្លាំង ឬសង្គ្រាម នឹងត្រូវបានពិចារណាជាមធ្យោបាយចុងក្រោយតែប៉ុណ្ណោះ ពោលគឺលុះត្រាតែវិធីសាស្រ្តផ្សេងទៀតទាំងអស់បានបរាជ័យ ក្នុងដោះស្រាយវិបត្តិ”។

ឧបនាយករដ្ឋមន្ត្រីថៃរូបនេះ បានបញ្ជាក់ថា បច្ចុប្បន្ននេះ បញ្ហាស្ថិតនៅដំណាក់កាលចាប់ផ្តើមនៃការចរចា ក្រោមអនុស្សរណៈនៃការយោគយល់គ្នា(MoU) ឆ្នាំ២០០០ និងតាមរយៈយន្តការJBC។ លោកបានបន្ថែមថា កងទ័ពភូមិន្ទថៃ ក្រសួងការពារជាតិ និងក្រសួងការបរទេស កំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេចដើម្បីការពារអធិបតេយ្យប្រទេសថៃ ប្រសិនបើចាំបាច់។

គួរបញ្ជាក់ថា ក្រោយហេតុការណ៍ប៉ះទង្គិចគ្នានៅតំបន់មុំបី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានបញ្ជាក់ថា បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កម្លាំងកងទ័ព។

យ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ បានបញ្ជាក់នៅថ្ងៃទី៤ ខែមិថុនានេះថា ភាគីទំាងពីរនឹងជួបចរចាគ្នាតាមយន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) ដែលនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ៕

ប្រភព៖ Bangkok Post (https://www.bangkokpost.com/thailand/general/3041056/border-war-a-last-resort)

LEAVE A RESPONSE

Your email address will not be published. Required fields are marked *