ថៃថាការពង្រីកបញ្ហាព្រំដែនទៅតុលាការICJជាភាពស្មុគស្មាញដែលមិនចាំបាច់
ពត៌មាន

ថៃថាការពង្រីកបញ្ហាព្រំដែនទៅតុលាការICJជាភាពស្មុគស្មាញដែលមិនចាំបាច់

រដ្ឋាភិ​បាលថៃថាខ្លួនមិនទទួលស្គាល់យុត្តាធិការជាកំហិតរបស់(ICJ) ចាប់តាំងពីឆ្នាំ១៩៦០ ខខណៈក​ម្ពុជា​​​​បាន​​​ប​ញ្ជាក់​ពី​ចេតនា​របស់​ខ្លួន​ក្នុង​ការ​ប្តឹងទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)។ ក្នុងនោះប្រ​ទេសថៃ ​និង​កម្ពុជា​មានយន្តការទ្វេភាគីដែលមានស្រាប់ក្នុងការដោះស្រាយបញ្ហាទាំងនេះ ដែល​ជា​កិច្ចព្រ​ម​ព្រៀងតាំងពីដើមមក។ បញ្ហា​សំខាន់​បំផុត​គឺ​ភាគី​ទាំង​សងខាង​ត្រូវ​តែ​ផ្តោត​តែ​លើ​ការ​ដោះស្រា​យ​ហើយ​​ចៀសវាង​ការ​ពង្រីក​វា​បន្ថែម​ទៀត ព្រោះ​វា​នឹង​បន្ថែម​ភាព​ស្មុគស្មាញ​ដែល​មិន​ចាំ​បា​ច់។ ​នេះបើ​តាមខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលថៃស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃចេញផ្សា​យ​នៅរ​សៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។

ចាប់តាំងពីការប៉ះទង្គិចគ្នានាពេលថ្មីៗនេះដែលបានកើតឡើងនៅតំបន់ចុងបូកកាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ ២០២៥ ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នាក្នុងការប្រើប្រាស់យ​ន្តការទ្វេភាគីដែលមាន​ស្រាប់​ដើ​ម្បី​​​ដោះស្រាយបញ្ហានោះគឺ គណៈកម្មការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ​(G​BC) និងគ​ណៈកម្មាធិការព្រំដែនក្នុងតំបន់ (RBC) ដោយផ្អែកលើទំនាក់ទំនងល្អរវាងថៃ និងក​ម្ពុ​ជា​​​។ នេះ​ជា​លទ្ធផល​នៃ​ការ​ពិភាក្សា​រវាង​មេបញ្ជាការ​កងទ័ព​នៃ​ភាគី​ទាំង​ពីរ​កាលពី​ថ្ងៃ​ទី​២៩ ឧសភា ឆ្នាំ​២០២៥ ។

ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តដំណើរការ JBC នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៥ ហើ​យ​ថៃសង្ឃឹម​ថាកម្ពុជានឹងបង្ហាញពីឆន្ទៈដែលត្រូវគ្នាក្នុងការចូលរួមក្នុងលក្ខណៈ​ដែលឆ្លុះបញ្ចាំងពីកា​រប្តេ​ជ្ញា​ចិត្តរួ​ម​គ្នាចំពោះសន្តិភាព ស្ថិរភាព និងការគោរពគ្នាទៅវិញទៅមក។ ថៃមិនចង់ឃើញភាគីណាមួ​យ​រង​​កា​​​រ​ខាតប​ង់នោះទេ ជាពិសេសថៃ និង​កម្ពុ​ជា បានចូលរួមក្នុង​យន្តការ​ព្រំដែ​នដែលមានស្រាប់ ជាពិ​សេ​​សគណៈកម្មការព្រំដែនចម្រុះJBC ដែ​លក្នុ​ងរយៈពេល២៦ ឆ្នាំក​ន្លងមកនេះ មានការរីកចម្រើនគួរ​ឱ្យ​កត់ស​ម្គាល់។

នៅមុនមានការបង្ហោះសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ក៏បានបង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួនថា រដ្ឋាភិបាលថៃបានបញ្ជាក់ជាថ្មីនូ​វគោ​​លការ​ណ៍​នៃ​ការដោះស្រាយបញ្ហាដោយសន្តិវិធី ក្រោមការគោរពអធិបតេយ្យភាព និងទឹកដីរបស់គ្នា​ទៅវិញ​ទៅម​​ក។ ក្នុងករណីដែលកម្ពុជាចង់ស្នើឱ្យតុលាការយុត្តិធម៌អន្តរជាតិ(ICJ) រដ្ឋាភិបាលថៃ​មិនបា​នទទួល​ស្គាល់​យុត្តាធិការរបស់តុលាការICJ ក្នុងវិវាទណាមួយចាប់តាំងពីឆ្នាំ ១៩៦០ រហូតមកដល់​បច្ចុប្បន្ន។ លោកស្រីថាបញ្ហាដែលបានកើតឡើងគួរតែដោះស្រាយតែក្នុងតំបន់ដែលមានជម្លោះប៉ុណ្ណោះ ហើយបញ្ហាមិនគួរត្រូវពង្រីកនោះទេ។

មុនការបង្ហាញជំហររបស់ថៃមិនទទួលស្គាល់យុត្តាធិការរបស់(ICJ)ធ្វើឡើងបន្ទាប់ពី រដ្ឋាភិបាលកម្ពុជាបានចេញ​សេចក្ដីថ្លែងការណ៍​នៅថ្ងៃទី៤ ខែមិថុនា ថាកម្ពុជាបានសម្រេចបញ្ជូនវិវាទនៅ​តំបន់ដែលមានភាពរ​សើប​ចំនួនបួន គឺតំបន់មុំ​បី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាកា​រយុត្ដិ​ធម៌អន្ដរជាតិ(ICJ)នៅទីក្រុងឡាអេ។ ​ស្របពេលនៃការបន្ដស្វែងរកដំណោះ​ស្រាយផ្លូវច្បាប់​នៅតុលាកា​រICJ កម្ពុជានឹងបន្ដចូលរួមរក​ដំណោះស្រាយតា​មរយៈក្របខ​ណ្ឌទ្វេភាគីដែលមានស្រាប់ ហើយនឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃកិច្ចប្រជុំនៃគណៈកម្មការចម្រុះJBC នៅថ្ងៃទី​១៤ ខែមិថុនា ខាងមុខ។ ទោះជាយ៉ា​ងនេះ​ក្ដី ដោយសារមានការសម្រេចបញ្ជូនវិវាទខាងលើទៅតុលាការICJ ដូច្នេះករណីតំបន់ទាំ​ងបួនគឺ​តំបន់មុំបី​ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី នឹងមិនត្រូវបានដា​ក់បញ្ចូល​ក្នុ​ងរបៀបវារៈនៃសម័យប្រជុំJBCនាពេលខាងមុខទេ៕

LEAVE A RESPONSE

Your email address will not be published. Required fields are marked *