ឯកឧត្តម ទៀ ស្យាម តាំងជំហរនឹងទម្លាក់ស្លាកប្រេងឥន្ទនៈ ភីធីធី ចោល រួចបង្កើតប្រេនថ្មីជារបស់ខ្មែរឆាប់ៗ
ក្រោយពីការឈ្លានពានពីសំណាក់ប្រទេសថៃមកកាន់កម្ពុជា បណ្តាលឱ្យកងកម្លាំងពលីជីវិត រងរបួស, ប្រជាជនក្មេងចាស់ប្រុសស្រីត្រូវជម្លៀស, តំបន់ជាច្រើនត្រូវបានកម្ទេច ជាពិសេសនោះ គឺប្រាសាទព្រះវិហារ ដែលជាបេតិកភ័ណ្ឌពិភពលោកត្រូវបានរងការខូចខាត បានធ្វើឱ្យប្រជាជនកម្ពុជាឈឺចាប់ និង ចងចាំគ្មានថ្ងៃភ្លេច។
ខណៈនេះ គេបានឃើញបងប្អូនអ្នករកស៊ី ប្រជាជនកម្ពុជាជាច្រើនបានប្តេជ្ញាបញ្ឈប់ការប្រើប្រាស់ផលិតផលនាំចូលពីប្រទេសថៃ ដោយខ្លះបានបង្ហាញសកម្មភាពបណ្តើរៗហើយ ដូចជាការទម្លាក់ប៉ាណូហាងចោល និង ការឈប់ទិញផលិតផលនានារបស់ថៃ។
ជាក់ស្តែងក្រឡេកទៅមើលប្រេងឥន្ទនៈ ភីធីធី ដែលជាប្រេនរបស់ប្រទេសថៃ ក៏ត្រូវមហាជនដាក់បន្ទុក និង ពហិកាយ៉ាងខ្លាំងក្នុងការឈប់ប្រើប្រាស់ ព្រមទាំងទាមទារឱ្យមានការទម្លាក់ស្លាកចេញផងដែរ។
ប៉ុន្មានថ្ងៃមកនេះ ឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា និង ជាអ្នកទិញសិទ្ធិប្រេន ភីធីធី ក៏បានបង្ហោះសារតាំងគោលជំហរក្នុងការដោះស្រាយជូនដូចគ្នាដែរ ដោយឯកឧត្តមបានលើកឡើងថា មនុស្សអាចទ្រាំនឹងការលំបាកបាន តែមិនអាចទ្រាំនឹងការប្រមាថមើលងាយពីថៃបានឡើយ។
ជាក់ស្តែង នៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅនេះ ឯកឧត្តម ទៀ ស្យាម និង ម្ចាស់អាជីវកម្មទាំងអស់គ្នា ដែលទិញសិទ្ធិប្រេន PTT Cambodia ទូទាំងប្រទេសកម្ពុជា បានសម្រេចទម្លាក់ស្លាកចុះហើយ។
ក្នុងនោះ ឯកឧត្តម ទៀ ស្យាម បានបញ្ជាក់ថា៖ ««ស្លាកត្រូវតែទម្លាក់ ផ្លូវច្បាប់ត្រូវតែគិត» ម្ចាស់អាជីវកម្មទិញសិទ្ធិប្រេនប្រេងឥន្ទនៈ ភីធីធី (ខេមបូឌា) ភាគច្រើន បានសម្រេចចិត្តប្រគល់សិទ្ធិជូនខ្ញុំ ជាតំណាងផ្លូវការដើម្បីរំលាយកិច្ចសន្យាតំណាងចែកចាយរវាងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ភីធីធី និង ក្រុមហ៊ុន PTT Cambodia ។ ព្រមទាំងរួបរួមកម្លាំងសម្រេចចិត្តបង្កើតប្រេនថ្មី ប្រេនខ្មែរ ជាស្នាដៃបង្កើតដោយកូនខ្មែរ ដែលមានកម្រិតស្តង់ដាខ្ពស់។ ក្នុងស្មារតីស្រលាញ់ជាតិខ្មែរ សូមបងប្អូនចូលរួមគាំទ្រប្រេនថ្មី ដែលនឹងមកឆាប់ៗនេះ។ ខ្មែរធ្វើបាន»៕