សម្តេចតេជោ ហ៊ុន សែន៖ សង្គ្រាមព្រំដែនកម្ពុជា-ថៃ ផ្ទេរពីប្រើប្រាស់អាវុធ មកប្រើជំពាមកៅស៊ូបាញ់គ្រាប់ឃ្លី និងកូនដុំដែក បើមិនទប់ស្កាត់…
ពត៌មាន

សម្តេចតេជោ ហ៊ុន សែន៖ សង្គ្រាមព្រំដែនកម្ពុជា-ថៃ ផ្ទេរពីប្រើប្រាស់អាវុធ មកប្រើជំពាមកៅស៊ូបាញ់គ្រាប់ឃ្លី និងកូនដុំដែក បើមិនទប់ស្កាត់…

សម្តេចតេជោ ហ៊ុន សែន៖ សង្គ្រាមព្រំដែនកម្ពុជា-ថៃ ផ្ទេរពីប្រើប្រាស់អាវុធ មកប្រើជំពាមកៅស៊ូបាញ់គ្រាប់ឃ្លី និងកូនដុំដែក បើមិនទប់ស្កាត់វានឹងបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់ !

(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចេញសារសំខាន់មួយដោយលើកឡើងថា បច្ចុប្បន្នសង្គ្រាមព្រំដែនរវាងកម្ពុជា-ថៃ ផ្ទេរពីការប្រើប្រើប្រាស់អាវុធគ្រប់ប្រភេទ មកប្រើប្រាស់ជំពាមកៅស៊ូបាញ់គ្រាប់ឃ្លី និងកូនដុំដែក ដូច្នេះបើមិនទប់ស្កាត់វានឹងបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់ !

តាមរយៈបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសារមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

តាមពិតខ្ញុំមិនចង់និយាយរឿងនេះទេ តែបើមិននិយាយខ្លាចមេដឹកនាំថៃមិនបានដឹង និងសហគមន៍អន្តរជាតិមិនបានយល់។ សង្គ្រាមព្រំដែនកម្ពុជា-ថៃ បានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូបាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែក។

រឿងនេះបើមើលមួយភ្លេតដូចជារឿងកំប្លែង ឬរឿងតូចតាច តែបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើយើងមិនទប់ស្កាត់វានោះទេ។
វានឹងប្រែក្លាយពីការប្រើជំពាមកៅស៊ូ ទៅជាការប្រើអាវុធគ្រប់ប្រភេទ ដែលនឹងបំផ្លាញចោលនូវកិច្ចព្រមព្រៀងឈប់បាញ់ដែលថ្នាក់ដឹកនាំកម្ពុជា-ថៃ ដោយមានការជួយយ៉ាងសកម្មពីនាយករដ្ឋមន្ត្រីម៉ាឡេស្រុី និងការចូលរួមពីចិន អាមេរិក ស្វែងរកបានយ៉ាងលំបាក។

សម្រាប់កម្ពុជាប្រសិនមានប្រើ ខ្ញុំសូមឲ្យរាជរដ្ឋាភិបាលចេញបទបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។
សង្ឃឹមថា មេដឹកនាំថៃនឹងចេញបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើអាវុធ ដូចដែលមានក្នុងរូបភាពដែលខ្ញុំសូមភ្ជាប់ទៅជាមួយនេះ។


LEAVE A RESPONSE

Your email address will not be published. Required fields are marked *