អនុព័ន្ធយោធាម៉ាឡេស៊ីរិះគន់ថៃតាម​ភាសា​ការទូត​​និង​ឲ្យ​ថៃ​រក្សាភាពស្ងប់ស្ងៀមនៅ​ភូមិ​ព្រៃចាន់ទុក​បញ្ហា​​ឲ្យ​ JBC ដោះស្រាយ
ពត៌មាន

អនុព័ន្ធយោធាម៉ាឡេស៊ីរិះគន់ថៃតាម​ភាសា​ការទូត​​និង​ឲ្យ​ថៃ​រក្សាភាពស្ងប់ស្ងៀមនៅ​ភូមិ​ព្រៃចាន់ទុក​បញ្ហា​​ឲ្យ​ JBC ដោះស្រាយ

លោក សាមសុល រីហ្សាល់ ប៊ីន មូសា (Samsul Rizal Bin Musa) អនុព័ន្ធយោធាជំនួយការម៉ាឡេស៊ី និងជាប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំប្រទេសថៃ បានជំរុញឱ្យប្រទេសថៃរក្សាភាពស្ងប់ស្ងៀម និងបញ្ឈប់រាល់សកម្មភាពនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅទល់មុខតំបន់ បានណង​ យ៉ាកែវ។

លោក​បាន​​ស្នើឱ្យអនុញ្ញាតឱ្យគណៈកម្មាធិការព្រំដែនរួម (JBC) ធ្វើការងាររបស់ពួកគេសម្រាប់ករណីនេះ។

ក្រុមអ្នកសង្កេតការណ៍​ IOT ត្រូវបានដឹកនាំដោយកងទ័ពថៃ ទៅទស្សនកិច្ចតំបន់ព្រំដែនដែល​មាន​ភាព​ក្ដៅ​គគុកនៅភូមិព្រៃចាន់ របស់​កម្ពុជា។ លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថៃថា លោកមិនចង់មើលតំបន់ព្រំដែននោះទេ ព្រោះលោកមិនចង់ឱ្យតំបន់ព្រំដែននោះមានភាពតានតឹង។

លោក​ថ្លែង​ថា៖ «ខ្ញុំសោកស្តាយណាស់។ ខ្ញុំបានប្រាប់ពួកគេថា ទោះស្ថានភាពនៅទីនេះយ៉ាងណាក៏ដោយ សូមរក្សានៅទីនេះ ហើយយើងរង់ចាំរហូតដល់កិច្ចប្រជុំ JBC និងរង់ចាំការសម្រេចចិត្តបន្ទាប់​។ វា​មិនអីទេ? សូមរក្សាភាពស្ងប់ស្ងៀម នោះអ្វីៗនឹងល្អ គ្មានបញ្ហាទេ។ ជឿជាក់លើយើង និងជឿជាក់លើព្រះ!»។ លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​វីដេអូបង្ហោះ​ដោយ Khaosod English នៅថ្ងៃទី១៧ ខែកញ្ញា។

នៅក្នុងវីដេអូឃ្លីបមួយផ្សេងទៀតរបស់ Khaosod លោក សាមសុល រីហ្សាល់ ប៊ីន មូសា បាននិយាយថា កងកម្លាំងប្រដាប់អាវុធថៃមានស្តង់ដារខ្ពស់ណាស់ក្នុងការក្លាយជាទាហាន ហើយពួកគេមិនគួរព្រួយបារម្ភថាមាននរណាម្នាក់មកនោះទេ។ លោក​ថ្លែង​បែប​នេះ ទំនង​សំដៅ​ទៅ​លើ​ទាហាន​ថៃ​ថា ពួកគេមិនគួរព្រួយបារម្ភថាទាហានកម្ពុជានឹងរំលោភដីរបស់ពួកគេទេ។

ករណីនៅភូមិព្រៃចាន់ និងភូមិជោគជ័យនៅកម្ពុជា ដែលភាគីថៃទាមទារ គឺជាចំណុចក្តៅចុងក្រោយនៃតំបន់ជម្លោះព្រំដែន។ ពលរដ្ឋ​កម្ពុជជិត ៣០ នាក់ រួមទាំងព្រះសង្ឃ បានរងរបួសនៅថ្ងៃទី ១៧ ខែកញ្ញា នៅពេលដែលប៉ូលិសបង្ក្រា​​បបាតុកម្មថៃប្រដាប់អាវុធ និងទាហានថៃ​ប្រដាប់អាវុធ បានយកខ្សែលួសបន្លាមកដាក់នៅភូមិព្រៃចាន់ និងបានប៉ះទង្គិចជាមួយអ្នកភូមិកម្ពុជា។

តំបន់ទាំងនេះធ្លាប់ជាជំរុំជនភៀសខ្លួន ដែល​ពលរដ្ឋ​ខ្មែរ​រាប់ពាន់នាក់ដែលភៀសខ្លួនពីសង្គ្រាមបានស្នាក់នៅ។ ទីតាំង​ទាំងនេះត្រូវបានពលរដ្ឋ​ខ្មែរ​រស់នៅអស់ជាច្រើនទសវត្សរ៍ដោយគ្មានការតវ៉ាណាមួយ។

ថ្មីៗនេះ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានស្នើទៅសមភាគីថៃឱ្យ​ទុក​ប​ញ្ហា​នេះ​ឱ្យ JBC ដោះស្រាយ។​ យ៉ាង​ណា​ក៏​ដោយ​​ ភាគី​ថៃ​មិន​ស្ដាប់ ហើយ​បាន​ដាក់​ឱសានវាទ​ជា​ថ្មី​ឲ្យ​កម្ពុជា​រើ​លំនៅឋាន​ក្នុង​រយៈ​ពេល ៣០​ថ្ងៃ៕

LEAVE A RESPONSE

Your email address will not be published. Required fields are marked *