ក្រសួងមហាផ្ទៃ បញ្ជូនថ្នាក់ដឹកនាំនគរបាលមួយក្រុម ចេញទៅប្រចាំការគាំទ្រ ឯកឧត្តម ខេង សុមេធ ដែលកំពុងដឹកនាំនគរបាលការពារព្រំដែនជាមួយកងទ័ព
ពត៌មាន

ក្រសួងមហាផ្ទៃ បញ្ជូនថ្នាក់ដឹកនាំនគរបាលមួយក្រុម ចេញទៅប្រចាំការគាំទ្រ ឯកឧត្តម ខេង សុមេធ ដែលកំពុងដឹកនាំនគរបាលការពារព្រំដែនជាមួយកងទ័ព

តបតាមគោលការណ៍ឯកភាពពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា, ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចេញលិខិតបង្គាប់ការ ចាត់តាំងក្រុមការងារប្រចាំការ ដើម្បីគាំទ្រដល់កម្លាំងនគរបាលការពារព្រំដែន ដែលកំពុងឈរជើងប្រចាំទិសភូមិភាគ៣ ភូមិភាគ៤ និងភូមិភាគ៥ តាមខ្សែបន្ទាត់ព្រំដែនភាគខាងលិចប្រទេស។

យោងតាមលិខិតបង្គាប់ការចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៥ ក្រុមការងារប្រចាំការ ត្រូវសហការជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ដើម្បីសិក្សាអំពីតម្រូវការចាំបាច់នានា មានដូចជា មធ្យោបាយ ឧបករណ៍ សម្ភារៈបច្ចេកទេស អាវុធ គ្រាប់ ការកសាង និង/ឬស្តារ ជួសជុលលេណដ្ឋាន នៅសមរភូមិជួរមុខ ព្រមទាំងផ្តើមស្នើសុំគោលការណ៍ដោះស្រាយ ផ្គត់ផ្គង់ និងបំពាក់ឱ្យបានទាន់ពេលវេលា និងទំនាក់ទំនងជាមួយក្រសួង ស្ថាប័ន អង្គភាព វិស័យឯកជន និងសប្បុរសជននានា ដើម្បីកៀរគរមធ្យោបាយ ឧបករណ៍ សម្ភារៈ ថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថ្នាំសង្កូវ សម្រាប់ផ្តល់ជូន កងកម្លាំងនគរបាលការពារព្រំដែន។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះថា ទន្ទឹមនឹងការឯកភាពផ្ដល់គោលការណ៍ឱ្យអគ្គស្នងការនគរបាលជាតិ បញ្ជូនថ្នាក់ដឹកនាំនគរបាលជាន់ខ្ពស់ ចេញទៅគាំទ្រដល់កម្លាំងនគរបាលការពារព្រំដែន, រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា ក៏បានផ្ដល់នូវជំនួយគាំទ្រចាំបាច់ជាច្រើនទៀតដល់នគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងជាមួយកងយោធពលខេមរភូមិន្ទតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ រួចរាល់ហើយ ខណៈជំនួយចាំបាច់មួយចំនួនទៀតក៏នឹងត្រូវផ្ដល់ជាបន្តបន្ទាប់ដែរ។

បើតាមលោក ទូច សុឃៈ ជំនួយដែលប្រមុខក្រសួងមហាផ្ទៃ បានបញ្ជូនទៅកាន់តំបន់ព្រំដែននោះ រួមមានសម្ភារៈបំពាក់បម្រើឱ្យការប្រយុទ្ធរបស់នគរបាលការពារព្រំដែន ស្បៀងអាហារនិងឱសថ អាវភ្លៀង មធ្យោបាយទំនាក់ទំនង ព្រមទាំងថវិកាមួយចំនួនទៀត។ អ្នកនាំពាក្យដដែលក៏បង្ហើបអំពីការត្រៀមដាក់ចេញគំនិតផ្ដួចផ្ដើមថ្មីៗបន្ថែមទៀតរបស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីគាំទ្របេសកកម្មនគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងប្រកៀកស្មាជាមួយកម្លាំងកងយោធពលខេមរភូមិន្ទ អនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់និងប្រតិភាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

ប្រភព៖ FB Page/Sar Sokha (https://www.facebook.com/share/p/12KtafYZvio/)

LEAVE A RESPONSE

Your email address will not be published. Required fields are marked *