គណបក្សប្រឆាំង Phalang Pracharath ចេញរិះគន់នាយករដ្ឋមន្ត្រីថៃ ថាធ្វើឱ្យការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា កាន់តែពិបាក និងស្នើឱ្យលាលែងតំណែង
ពត៌មាន

គណបក្សប្រឆាំង Phalang Pracharath ចេញរិះគន់នាយករដ្ឋមន្ត្រីថៃ ថាធ្វើឱ្យការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា កាន់តែពិបាក និងស្នើឱ្យលាលែងតំណែង

ថៃឡង់ដ៍៖ យោងតាមការចុះផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារសារព័ត៌មាន Khaosod English របស់ប្រទេសថៃ បានឱ្យដឹងថា មេដឹកនាំគណបក្សប្រឆាំង ផាឡាំង ប្រាឆារ៉ាត (Phalang Pracharath) លោកឧត្តមសេនីយ៍ ប្រាវីត វុងស៊ូវ៉ាន់ (Prawit Wongsuwan) កាលពីយប់ថ្ងៃពុធ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា កិច្ចសន្ទនាតាមទូរសព្ទរបស់នាយករដ្ឋមន្ត្រី លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ជាមួយអតីតនាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជនថៃទាំងអស់ ដោយព្រមទាំងនាំឱ្យប្រទេសថៃ ធ្លាក់ចូលទៅក្នុងស្ថានភាពលំបាកក្នុងការដោះស្រាយជាមួយកម្ពុជា លើជម្លោះព្រំដែន ។

លោកប្រាវីត (Prawit) ដែលជាអនុប្រធាននៃរបបយោធាដែលឡើងកាន់អំណាចអំឡុងរដ្ឋប្រហារឆ្នាំ ២០១៤ ដែលបានទម្លាក់រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃនាពេលនោះ បានលើកឡើងបន្ថែមទៀតថា គណបក្សរបស់លោក កំពុងតែឈរយ៉ាងរឹងមាំជាមួយប្រជាជនថៃ និងទាហានថៃគ្រប់រូប ក្នុងការការពារប្រទេសថៃ ដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ ។

នៅក្នុងសេចក្ដីថ្លែងការណ៍ទាំងស្រុង មានអត្ថន័យយ៉ាងដូច្នេះថា៖

គណបក្ស Palang Pracharath មានការព្រួយបារម្ភអំពីស្ថានភាព និងការអនុវត្តគោលនយោបាយសន្តិសុខក្នុងស្រុក ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី លោកស្រី Paethongtarn Shinawatra ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពទន់ខ្សោយ កង្វះបទពិសោធន៍ និងជំនាញចរចា ក្នុងការដោះស្រាយជម្លោះរវាងប្រទេសថៃ និងកម្ពុជា។ ប្រការនេះបានប៉ះពាល់ដល់ទំនុកចិត្ត ក្នុងការគ្រប់គ្រងប្រទេសក្នុងចំណោមប្រជាជន និងប្រទេសស៊ីវិល័យ ដោយពឹងផ្អែកលើទំនាក់ទំនងផ្ទាល់ខ្លួនក្នុងការចរចា ដែលបង្កើតហានិភ័យសម្រាប់ប្រទេសជាតិ រួមជាមួយនឹងការប្រើប្រាស់ពាក្យប្រមាថដល់សេចក្តីថ្លៃថ្នូររបស់កងកម្លាំងសន្តិសុខរបស់ប្រទេស ដែលខិតខំការពារ និងរក្សាអធិបតេយ្យភាពដោយលំបាក។ ដូច្នេះ ជារឿងដ៏ស័ក្ដិសមដែលនាយករដ្ឋមន្ត្រីគួរតែចុះចេញពីតំណែង ដើម្បីបង្ហាញការទទួលខុសត្រូវចំពោះទង្វើនេះ ។

ក្នុងនាមជាអ្នកដែលបម្រើការផ្នែកសន្តិសុខពេញមួយជីវិត ដូចដែលខ្ញុំបាននិយាយនៅក្នុងការជជែកដេញដោលដោយគ្មានទំនុកចិត្តនៅក្នុងសភា ប្រតិបត្តិការសន្តិសុខ មិនងាយស្រួលនោះទេ។ វាទាមទារចំណេះដឹង និងការយល់ដឹងក្នុងមាត្រដ្ឋានជាច្រើន។ មេដឹកនាំដែលគ្មានបទពិសោធន៍ក្នុងវិស័យសន្តិសុខជាតិ មិនមែនជាដំណាក់កាលសម្រាប់អ្នកស្ម័គ្រចិត្តអនុវត្តជំនាញនោះទេ ហើយនៅទីបញ្ចប់ វានឹងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជនថៃទាំងអស់។ នេះជាភ័ស្តុតាងបញ្ជាក់ថា ប្រទេសថៃ មានមេដឹកនាំដែលនឹងដឹកនាំប្រទេសទៅរកគុណវិបត្តិ និងភាពទន់ខ្សោយ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ។

ខ្ញុំឈរជាមួយបងប្អូនប្រុសស្រី ទាហានថៃទាំងអស់ នៅលើទឹកដីថៃ ដោយមានព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ។ ដី ថៃត្រូវតែជារបស់ប្រជាជនថៃ។ យើងមិនត្រូវអនុញ្ញាតឱ្យនរណាម្នាក់មកឈ្លានពានយើងជាដាច់ខាត ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Khaosod English/ សេចក្ដីថ្លែងការណ៍របស់គណបក្ស Palang Pracharath

LEAVE A RESPONSE

Your email address will not be published. Required fields are marked *