ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទអគ្គស្នងការរងនគរលបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានណែនាំឱ្យកម្លាំងកងអន្តរាគមន៍ពិសេសទាំងអស់ត្រូវហ្វឹកហាត់ជាប្រចាំ នូវយុទ្ធសាស្ត្រការទប់ទល់បាតុកម្ម ជំនាញរំដោះចំណាប់ខ្មាំង និងការប្រើប្រាស់ខែលការពារពីការវាយលុករបស់សត្រូវ ដើម្បីការពារសន្តិសុខឱ្យកាន់តែរឹងមាំ។

ការណែនាំនេះធ្វើឡើងនាថ្ងៃពុធ ទីទ១៧ ខែកញ្ញានេះ ក្នុងពេលដែលលោកឧត្តមសេនីយ៍ឯកដឹកនាំកិច្ចប្រជុំ និងសំណេះសំណាលជាមួយកងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីពង្រឹងបង្កើនការរៀបរយកម្លាំងឱ្យបានរួចជាស្រេច១០០ភាគរយ។ ការត្រៀមកម្លាំងនេះ គឺសម្រាប់ការចុះប្រតិបត្តិការអន្តរាគមន៍បង្ការបង្ក្រាបទប់ស្កាត់បទល្មើសនានា និងធានាសំដៅការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក៏ដូចជាធានាសុវត្ថិភាពសង្គមជាតិឱ្យកាន់តែល្អប្រសើរ។​ នេះបើយោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

 

 

 

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសង្កត់ធ្ងន់ ឱ្យកម្លាំងកងអន្តរាគមន៍ពិសេសទាំងអស់ ក៏ដូចជាកម្លាំងអន្តរាគមន៍នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវចាំបាច់រៀបរយទាំងកម្លាំង និងមធ្យោបាយសម្ភារ ឱ្យបានត្រឹមត្រូវ បែងចែកកម្លាំងបំពេញភារកិច្ចឱ្យមានការទទួលខុសត្រូវខ្ពស់ និងជាពិសេសជំរុញចាំបាច់ត្រូវទទួលការហ្វឹកហាត់ឲ្យបានជាប្រចាំ អំពីយុទ្ធសាស្ត្រ និងយុទ្ធវិធីសំខាន់។ ក្នុងនោះរួមមាន៖ ការទប់ទល់បាតុកម្ម វាយលុកអំពើភេរវកម្ម ជំនាញរំដោះចំណាប់ខ្មាំង និងការប្រើប្រាស់ខែលការពារពីការវាយលុករបស់សត្រូវជាដើម ដើម្បីការពារសន្តិសុខឱ្យកាន់តែរឹងមាំ ទប់ស្កាត់អំពើទាំងឡាយណាដែលមានចេតនាអាក្រក់ប៉ុនប៉ងបំផ្លាញសន្តិភាពរបស់ប្រទេសជាតិ។ ពិសេសនោះ ត្រូវត្រៀមទទួលបទបញ្ជា សម្រាប់ចូលរួមការការពារដែនអធិបតេយ្យភាពទឹកដីកម្ពុជា ពីការឈ្លានពានពីសំណាក់រដ្ឋបរទេស ក្នុងករណីចាំបាច់ណាមួយដែលជាតិត្រូវការ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីស្នងការរងផែនការងារសេនាធិការ ស្នងការរងទទួលដឹកនាំកងកម្លាំងអន្តរាគមន៍ពិសេស អនុប្រធានផែន នាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា និងអធិការនគរបាលខណ្ឌទាំង១៤ផងដែរ៕