ដំណឹងថ្មី! ថៃប្រកាសធ្វើរបងនៅព្រំដែនដែលមានការឯកភាពគ្នា និងបន្តបិទព្រំដែនជាមួយកម្ពុជា
ក្រុមប្រឹក្សាសន្តិសុខយោធាថៃ បានសម្រេចថានឹងសាងសង់របងនៅតាមព្រំដែនជាមួយកម្ពុជា ដែលមានការឯកភាពគ្នា និងបង្កើនការល្បាតនៅតំបន់ដែលមានជម្លោះ ព្រមទាំងបង្កើនតម្រាយផ្លូវយុទ្ធសាស្ត្របន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod។
បើតាមសារព័ត៌មានដដែលនេះ មេបញ្ជាការការពារជាតិថៃ បានសម្រេចលើផែនការនេះក្នុងកិច្ចប្រជុំនៅថ្ងៃទី១៩ កញ្ញានេះ ដោយក្នុងនោះក៏បានសម្រេចបន្តបិទច្រកព្រំដែនជាមួយកម្ពុជា រហូតដល់ភាពតានតឹងបានធូរស្រាល ឬ រហូតដល់ពេលដែល «កម្ពុជាបន្ថយការគំរាមកំហែងដល់សន្តិសុខថៃ»។
បន្ថែមពីលើនេះ ក្រុមប្រឹក្សាសន្តិសុខថៃ ក៏អនុញ្ញាតឲ្យមានវិធានការការពារខ្លួនផងដែរ។ នេះបើតាម Khaosod ដដែល។
ពាក់ព័ន្ធនឹងការបើកព្រំដែន ឡើងវិញ មេដឹកនាំកម្ពុជា ធ្លាប់បានបញ្ជាក់កាលពីមុនការប៉ះទង្គិចគ្នានៅខែកក្កដា ថា កម្ពុជាមិនបើកព្រំដែនដែលថៃបានបិទដោយឯកតោភាគីទេ រហូតដល់ពេលដែលថៃប្រកាសបើកព្រំដែនទាំងអស់ឡើងវិញ ដោយកម្ពុជា ត្រូវការពេលយ៉ាងយូរ ៥ម៉ោងក្រោយការប្រកាសរបស់ថៃ៕