BREAKING: កម្ពុជា អំពាវនាវសហគមន៍អន្ដរជាតិជួយបញ្ឈប់ផែនការឈ្លានពានរបស់ថៃ ដែលគ្រោងបើកការវាយប្រហារប្រដាប់អាវុធចូលដែនអធិបតេយ្យកម្ពុជា មុនថ្ងៃទី៧ ខែសីហា
(ភ្នំពេញ)៖ តាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ កម្ពុជាអំពាវនាវសហគមន៍អន្ដរជាតិជួយបញ្ឈប់ផែនការឈ្លានពានរបស់ថៃ ដែលគ្រោងបើកការវាយប្រហារប្រដាប់អាវុធចូលដែនអធិបតេយ្យកម្ពុជា មុនថ្ងៃទី៧ ខែសីហា។
បើតាមក្រសួងការពារជាតិ តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង១០៖៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។
តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ការរៀបចំផែនការវាយលុកនេះជាការរំលោភមកលើបូរណភាពទឹកដីកម្ពុជា នៅមុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC) ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុត នូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនជាសាក្សី។
កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួនករណីព័ត៌មាននេះជាការពិត ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរផង និងតំបន់ទាំងមូលផង៕