(ម៉ាឡេស៊ី)៖ ក្នុងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដែលធ្វើឡើង នាទីក្រុងគួឡារឡាំពួរ ប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ ភាគីទាំងពីរ បានសម្រេចឯកភាពគ្នា មិនបង្កើនកម្លាំងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ទៀតនោះទេ។
ក្នុងអនុស្សារណៈការព្រមព្រៀង បានបញ្ជាក់ថា «ភាគីទាំងពីរ យល់ស្របមិនបង្កើនចំនួនកងកម្លាំង នៅតាមបណ្តោយព្រំប្រទល់ទាំងស្រុងរវាង កម្ពុជា-ថៃ។ ការដាក់កម្លាំងបន្ថែមណាមួយ មុខជានឹងបង្កើនភាពតានតឹង ហើយជះផលប៉ះពាល់អវិជ្ជមានចំពោះកិច្ចប្រឹងប្រែងរយៈពេលវែង ដើម្បីបន្ធូរបន្ថយស្ថានការណ៍។»។
ក្នុងអនុស្សារណៈការព្រមព្រៀង បានបន្ថែមទៀតថា «ភាគីទាំងពីរឯកភាពគ្នា មិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយឡើយ ដែលអាចដុតបញ្ឆេះភាពតានតឹង។ នេះរួមបញ្ចូលទាំងការធ្វើសកម្មភាពយោធា ចូលក្នុងដែនអាកាសនិងទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀត គិតត្រឹមបទឈប់បាញ់ចាប់ពីម៉ោង២៤៖០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥»។
លើសពីនោះទៀត ភាគីទាំងពីរ (កម្ពុជា-ថៃ) យល់ព្រមមិនធ្វើការសាងសង់ ឬពង្រឹងហេដ្ឋារចនាសម្ព័ន្ធយោធា ហួសពីព្រំដែនរបស់ខ្លួន។
កិច្ចប្រជុំខាងលើនេះ មានការអញ្ជើញចូលរួម ពីនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងគណៈប្រតិភូយោធាជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ដែលមានតំណាងមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន ចូលរួមសង្កេតការណ៍។
សូមជម្រាបថា កិច្ចប្រជុំ GBC គឺជាផ្នែកមួយបន្ទាប់ពីកម្ពុជា និងថៃ បានឯកភាពដាក់ចេញបទឈប់បាញ់ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ដែលចូលជាធរមាន នៅម៉ោង០០៖០០ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់៕
7/8/2568 15:48:10
#ព័ត៌មានថ្ងៃនេះ #កម្ពុជា #khmer #Cambodia
#ថៃជាអ្នកផ្តើមសង្គ្រាម #ThailandStartedTheWar
#ไทยเป็นผู้เริ่มสงคราม #JusticeForCambodia
#cambodianeedpeace