ក្រោយមានការប្រកាសស្នើសុំបន្លាលួសពីប្រជាពលរដ្ឋរបស់កងទ័ពភូមិភាគ២របស់ប្រទេសថៃ នាយករដ្ឋមន្ត្រីស្ដីទី Phumtham Wechayachai បានលើកឡើងថា រដ្ឋាភិបាលមានថវិកាជាតិបម្រុងគ្រប់គ្រាន់ហើយ សម្រាប់តម្រូវការការពារជាតិ ដោយមិនចាំបាច់អ្វីត្រូវទៅស្នើសុំពីសាធារណជននោះឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Thairath នៅថ្ងៃទី១៣ខែសីហាឆ្នាំ២០២៥។
ការលើកឡើងរបស់លោក Wechayachai ធ្វើឡើងបន្ទាប់ពីកងទ័ពភូមិភាគ២ បានអំពាវនាវជាសាធារណៈសម្រាប់ការបរិច្ចាគបន្លាលួស ដោយសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ដើម្បីការពារកងទ័ព និងសន្តិសុខជាតិ។
នៅក្នុងការបង្ហោះតាមហ្វេសប៊ុក អង្គភាពយោធាបានពន្យល់ថា សមត្ថភាពផលិត និងផ្គត់ផ្គង់បន្លាលួសនាពេលបច្ចុប្បន្ន កំពុងមានកង្វះខាត ដោយសារតម្រូវការប្រតិបត្តិការខ្ពស់។ អង្គភាពយោធាថៃ បានបន្ថែមទៀតថា បន្លាលួសទាំងនេះ មានសារៈសំខាន់សម្រាប់កាត់បន្ថយហានិភ័យដល់ជីវិតរបស់ទាហាននៅក្នុងតំបន់បេសកកម្ម និងការពង្រឹងការត្រៀមខ្លួនការពារជាតិ។
កងទ័ពភូមិភាគ២បានបញ្ជាក់ថា ទោះប្រកាសតម្រូវការចំពោះបន្លាលួសអង្កត់ផ្ចិត ១០០សង់ទីម៉ែត្រក្ដី ក៏បន្លាលួសទំហំ ៩០សង់ទីម៉ែត្រក៏កងទ័ពទទួលយកបានដែរ។
ពាក់ព័ន្ធនឹងការស្នើសុំជំនួយពីមហាជន លោក Wechayachai បានប្រាប់ទៅកងទ័ពភូមិភាគ២ថា បើយល់ថាថវិកាមិនគ្រប់គ្រាន់ អង្គភាពអាចរាយការណ៍ និងដាក់សំណើផ្លូវការមួយទៅរដ្ឋាភិបាល នោះរដ្ឋាភិបាលនឹងបញ្ចេញថវិកាជាតិជូន។ យ៉ាងណាមិញ លោកបញ្ជាក់ថា គ្មានសំណើផ្លូវការណាមួយដែលត្រូវបានធ្វើឡើងដោយកងទ័ពភូមិភាគ២នោះឡើយ។ បន្ថែមពីនេះ នាយករដ្ឋមន្ត្រីស្ដីទីថៃ បានសង្កត់ធ្ងន់ថា វាមិនចាំបាច់ទាល់តែសោះក្នុងការបង្ហោះសារសុំជំនួយនៅលើបណ្ដាញសង្គមហ្វេសប៊ុកបែបនេះ៕