រដ្ឋមន្ត្រីការបរទេសកម្ពុជា ប្រាប់ពលរដ្ឋត្រូវជឿជាក់លើរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដើម្បីឱ្យបងប្អូនឆាប់វិលទៅលំនៅឋានវិញ
ពត៌មាន

រដ្ឋមន្ត្រីការបរទេសកម្ពុជា ប្រាប់ពលរដ្ឋត្រូវជឿជាក់លើរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដើម្បីឱ្យបងប្អូនឆាប់វិលទៅលំនៅឋានវិញ

(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់ទៅប្រជាពលរដ្ឋថាសូមជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដើម្បីអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋឆាប់បានត្រឡប់ទៅលំនៅឋានវិញ ក្នុងពេលឆាប់ៗនេះ។

ការលើកឡើងបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើនៅចំពោះប្រជាពលរដ្ឋខ្មែរ ដែលត្រូវកងទ័ពថៃរំលោភលំនៅឋាន ក្រោយបទឈប់បាញ់រវាងកងទ័ពទាំងពីរ ស្ថិតនៅភូមជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងឱកាសលោកដឹកនាំបណ្តាអង្គទូតប្រចាំនៅកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) និងអង្គការមិនមែនរដ្ឋាភិបាល ចុះពិនិត្យមើលសកម្មភាពទន្ទ្រានកាន់កាប់ដីជាឯកតោភាគីរបស់យោធាថៃ តាមរយៈការរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងយ៉ាងដូច្នេះថា៖ «យើងកំពុងខិតខំប្រឹងប្រែងចរចាដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងឆាប់បានត្រឡប់ទៅផ្ទះវិញ»

ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានពន្យល់ពីការវិវត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ជូនបណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងស្ថានភាពរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅជិតព្រំដែនផងដែរ។

បើតាមលោក Atsushi Ueno ឯកអគ្គរដ្ឋទូត ជប៉ុន ប្រចាំ កម្ពុជា នៅក្នុងដំណើរទស្សនកិច្ចជាមួយបណ្តាអង្គទូត និងអង្គការអន្តរជាតិ បាន សង្កេត ឃើញ ផ្ទាល់ ភ្នែក ពី ផល ប៉ះពាល់ នៃ ការ ឈ្លានពាន ផ្នែក យោធា នា ពេល ថ្មីៗ នេះ ដែល បង្ខំ ឱ្យ គ្រួសារ ក្នុង ស្រុក ភៀស ខ្លួន ចេញ ពី ផ្ទះ សម្បែង។

លោក បាន សង្កត់ ធ្ងន់ លើ ក្តី សង្ឃឹម របស់ ជប៉ុន ចំពោះ ដំណោះស្រាយ ដោយ សន្តិវិធី។ លោក បាន មាន ប្រសាសន៍ ថា «យើង ចង់ ឃើញ ជីវិត ប្រកប ដោយ សន្តិភាព និង ភាព ស្ងប់ស្ងាត់ នឹង ត្រូវ បាន បន្ត ឡើង វិញ ឱ្យ បាន ឆាប់ តាម ដែល អាច ធ្វើ ទៅ បាន។ ហើយ យើង សង្ឃឹម ថា បញ្ហា នេះ នឹង ត្រូវ បាន ដោះស្រាយ តាម រយៈ កិច្ច សន្ទនា ដោយ សន្តិវិធី រវាង ប្រទេស ទាំង ពីរ មិន មែន តាម រយៈ ការ ប្រយុទ្ធ គ្នា ទេ»។

លោក Oleksandr Gaman ឯកអគ្គរដ្ឋទូតអ៊ុយក្រែន មាននិវាសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅក្នុងឱកាសធ្វើទស្សនកិច្ចនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងឈប់បាញ់គ្នាដែលសម្រេចបានរវាងប្រទេសទាំងពីរ កាលពីថ្ងៃទី២៨ ខែកក្កដា។

ឯកអគ្គរដ្ឋទូត Gaman បានថ្លែងថា៖ «ខ្ញុំសូមអបអរសាទរកម្ពុជា និងថៃ ដែលបានឈានដល់បទឈប់បាញ់គ្នាកាលពីថ្ងៃទី២៨ ខែកក្កដា។ ហើយខ្ញុំពិតជាជឿជាក់ថា បទឈប់បាញ់គ្នានេះនឹងនាំមកនូវសន្តិភាពយូរអង្វែង និងយុត្តិធម៌ដល់ភាគីទាំងសងខាង»

សម្រាប់ប្រជាពលរដ្ឋដែលត្រូវកងទ័ពថៃ បំពានលើលំនៅឋាននៅភូមិជោគជ័យ និងព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានបង្ហាញនូវជំនឿយ៉ាងមុតមាំមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលមានចំពោះភាពអត់ធ្មត់ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ។ ស្របជាមួយនឹងស្ថានភាពនេះ ពួកគាត់ទាំងអស់គ្នាបានមើលយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែរបស់រាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាពរបស់កម្ពុជា ជាពិសេសការគោរពបទឈប់បាញ់រវាងកងទ័ពទាំងពីរ បានយ៉ាងខ្ជាប់ខ្ជួន។

ប្រជាពលរដ្ឋរងគ្រោះក៏បានបង្ហាញពីភាពកក់ក្តៅដែលរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ អាជ្ញាធរពាក់ព័ន្ធទាំងអស់បានយកចិត្តដាក់លើបញ្ហាសុខមាលភាព ហូបចុក ស្នាក់បណ្តោះអាសន្នដល់ពួកគាត់។ ត្រង់ចំណុចនេះបងប្អូនប្រជាពលរដ្ឋសូមទទូចដល់ភាគីថៃ ប្រគល់ត្រឡប់មកវិញទឹកដី និងផ្ទះសម្បែង ដែលត្រូវទាហានថៃ ចូលមករំលោភបំពានរាយបន្លាលួស ហ៊ុំព័ទ្ធដណ្តើមយកដោយខុសច្បាប់ ដើម្បីឱ្យពួកគាត់បានចូលទៅរស់នៅអាចផ្តល់ឱកាសរកស៉ីចិញ្ចឹមជីវិត និងអាចឱ្យកូនចៅរបស់ពួកគាត់បានទៅសាលាជាដើម៕ ប្រភព៖ FreshNews

LEAVE A RESPONSE

Your email address will not be published. Required fields are marked *