កិច្ចប្រជុំRBC៖ កម្ពុជា-ថៃ ឯកភាពគ្នាដោះស្រាយបញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា
កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ នៅថ្ងៃទី២៧ ខែសីហានេះ នាច្រកអន្តរជាតិជាំ-សាង៉ាំ បានបញ្ចប់ដោយជោគជ័យ។ តាមរយៈកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។
ក្រោយប្រជុំជិត១ម៉ោង គឺចាប់ពីម៉ោង១១៖០០នាទីព្រឹក ដល់ម៉ោង១១៖៥៣នាទីព្រឹក កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលមានការចូលរួមពីឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងលោក ប៊ុនស៊ីង ផាកខ្លាង (Boonsin Padklang) មេបញ្ជាការយោធភូមិភាគទី២ថៃ បានបញ្ចប់ដោយជោគជ័យ។ នេះបើតាមក្រសួងការពារជាតិ។
ក្នុងកិច្ចប្រជុំវិសាមញ្ញនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។ លើសពីនេះ ភាគីទាំងពីរ នឹងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានបញ្ជាក់ដូច្នេះ៖«ភាគីទាំងពីរក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ»។
ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានសង្កត់ធ្ងន់ពីការវិវឌ្ឍជាវិជ្ជមាន និងវឌ្ឍនភាពដែលសម្រេចបានកន្លងមក សំដៅជំរុញកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញផងដែរ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា មេបញ្ជាការភូមិភាគ៤កម្ពុជា និងមេបញ្ជាការភូមិភាគទី២ថៃ បានជួបប្រជុំគ្នា និងយល់ព្រមឈប់បាញ់គ្នាតាមកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងភាគីទាំងពីរ ដែលចូលជាធរមាននាម៉ោង១២យប់រំលងអធ្រាតចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ កិច្ចប្រជុំរវាង លោក ពៅ ហេង និងលោក ប៊ុនស៊ីង ផាកខ្លាង (Gen. Boonsin Padklang) គឺធ្វើឡើងនៅច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ។ ក្នុងកិច្ចប្រជុំ ភាគីទាំងពីរក៏បានយល់ព្រមបង្កើនកិច្ចទំនាក់ទំនងរវាងគ្នាផងដែរ។ ក្នុងលក្ខខណ្ឌបើមានបញ្ហា ភាគីទាំងពីរត្រូវរួមគ្នាដោះស្រាយរវាងភូមិភាគ៤ និងភាគ២ ដោយម្ខាង៤នាក់៕