(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានថ្លែងថា ភាគីកម្ពុជា-ថៃ បានឯកភាពគ្នាដោះស្រាយបាតុភាពនៅតាមព្រំដែនដោយសន្តិវិធី។
កិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ បានចាប់ផ្តើមនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខេត្តកោះកុង។ ភាគីកម្ពុជា ដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា រីឯភាគីថៃ ដឹកនាំដោយលោក ណាត់តាផុន ណាក់ផានីត រដ្ឋមន្រ្តីស្តីទីការពារជាតិថៃ។
ការបើកកិច្ចប្រជុំនេះបានឡើងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៧-៩ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ក្នុងរយៈពេល ៣ថ្ងៃ ដោយក្រុមការងារលេខាធិការដ្ឋាននៃប្រទេសទាំងពីរ បានចូលរួមពិភាក្សាក្នុងបរិយាកាសប្រកបដោយមិត្តភាព និងស្ថាបនា ក្នុងគោលបំណងជំរុញកិច្ចសន្ទនាប្រកបដោយផ្លែផ្កា លើកកម្ពស់ការកសាងទំនុកចិត្ត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះ «ភាគីទាំងពីរបានព្រមព្រៀងគ្នាលើភាពចាំបាច់បន្ទាន់ ដើម្បីកាត់បន្ថយភាពតានតឹង តាមរយៈការកែសម្រួលនូវយុទ្ធោបករណ៍ និងសម្ភារៈយោធា។ ដើម្បីសម្រេចគោលបំណងខាងលើ ក្រុមការងារទាំងពីរនឹងជួបគ្នាក្នុងរយៈពេល ៣សប្តាហ៍ បន្ទាប់ពីកិច្ចប្រជុំនេះ ដើម្បីចាប់ផ្ដើមពិភាក្សាផែនការសកម្មភាព ដែលមានលក្ខណៈជាក់ស្តែង និងជាជំហានៗ ដោយការអនុវត្តផែនការនេះនឹងត្រូវធ្វើឡើងក្រោមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)»។
លោកបានបន្តថា ជាមួយគ្នានេះ ភាគីទាំងពីរក៏បានឯកភាពគ្នាជាគោលការណ៍ទៅលើលក្ខខណ្ឌប្រតិបត្តិ (TOR) សម្រាប់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដោយរង់ចាំការអនុម័តពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ក្នុងអំឡុងពេលរង់ចាំការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ភាគីទាំងពីរបានទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT) និងបានឯកភាពគ្នាក្នុងការបន្តប្រើប្រាស់យន្តការនេះ ដើម្បីធានាការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព។
លោក ទៀ សីហា បានបន្ថែមថា «យើងក៏បានសង្កត់ធ្ងន់ផងដែរ អំពីសារៈសំខាន់នៃការទាក់ទងជាទៀងទាត់ រវាងយោធភូមិភាគ (កម្ពុជា) កងទ័ពភូមិភាគ (ថៃ) និងអង្គភាពតាមព្រំដែននៃភាគីទាំងពីរ ព្រមទាំងបានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា។ ភាគីទាំងពីរបានបញ្ជាក់ថា ការពង្រឹងទំនាក់ទំនងនៅគ្រប់កម្រិត ពិតជាមានសារៈសំខាន់ណាស់ ក្នុងការកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ»។
បើតាមនាយឧត្តមសេនីយ៍ ទៀ សីហា ភាគីកម្ពុជា និងថៃ បានព្រមព្រៀមគ្នារៀបចំកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ក្នុងរយៈពេល៣០ថ្ងៃក្រោយ ដោយប្រទេសថៃ នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ។
សូមជម្រាបថា កម្ពុជា-ថៃ បានព្រមព្រៀងលើបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ បទឈប់បាញ់នេះ បានធ្វើឡើងបន្ទាប់ពីកងទ័ពប្រទេសទាំងពីរ បានប្រយុទ្ធគ្នា នៅតាមបណ្តោយព្រំដែនរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៨ ខែកក្កដា ក្រោយពេលកងទ័ពថៃ ចូលឈ្លានពានទឹកដីកម្ពុជា៕
ប្រភព៖ freshnew