សម្តេចតេជោ ហ៊ុន សែន មិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងទេ តែគាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាល បញ្ជូនកងទ័ព និងអាវុធធុនធ្ងន់ទៅកាន់ព្រំដែនកម្ពុជា-ថៃ ដើម្បីការពារខ្លួន
ពត៌មាន

សម្តេចតេជោ ហ៊ុន សែន មិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងទេ តែគាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាល បញ្ជូនកងទ័ព និងអាវុធធុនធ្ងន់ទៅកាន់ព្រំដែនកម្ពុជា-ថៃ ដើម្បីការពារខ្លួន

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្ររាជរដ្ឋាភិបាលបញ្ជូនកងទ័ព និងអាវុធធុនធ្ងន់​ទៅកាន់​ព្រំដែន។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជា ស្អប់សង្គ្រាមតែបង្ខំចិត្ត​ត្រូវ​ធ្វើ​សង្គ្រាមដើម្បីប្រឆាំងការឈ្លានពានរបស់បរទេស ដូចដែលបាន​ធ្វើ​កាល​ពីឆ្នាំ២០០៨ ដល់២០១១ ដោយប្រើ​មុខ​ព្រួញ៣ គឺយោធា ការទូត និងផ្លូវ​ច្បាប់។

សាររបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីទាហានថៃ បានចូល​មកបាញ់ទាហានកម្ពុជានៅព្រំដែនកម្ពុជា និងថៃ ក្នុងខេត្តព្រះវិហារ​នាព្រឹក​ព្រលឹម​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ បណ្តាលឱ្យយោធានខ្មែរម្នាក់​ស្លាប់​បាត់បង់ជីវិត។

សារលើបណ្តាញសង្គមដែលចេញនាយប់ថ្ងៃនេះ សម្តេចតេជោ បានគូស​បញ្ជាក់ថា ព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការណ៍ និងការអភិវឌ្ឍ​មិន​គួរមានរឿង​បែប​នេះកើតឡើងនោះឡើយ ដែលសម្តេចសូម​ថ្កោល​ទោសយ៉ាងហ្មឺងម៉ាត់ចំពោះបុគ្គល ឬអង្គភាព ឬថ្នាក់ណាក៏ដោយ ដែល​បានសម្រេចចិត្តឱ្យធ្វើសកម្មភាពឈ្លានពានបែបនេះ ដែលវាប្រហាក់​ប្រហែល​ជាមួយការឈ្លានពានកាលពីឆ្នាំ២០០៨ ដល់២០១១ នៅ​ប្រាសាទ​ព្រះវិហារ។

បើទោះបីជាយ៉ាងណា សម្តេចសង្ឃឹមថា កាចរចាដែលនឹងត្រូវធ្វើ​ នៅថ្ងែ​ស្អែក​រវាងមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងទទួល​បាន​ផលល្អ។

«ខ្ញុំសង្ឃឹមថា នឹងមិនមានភាពតានតឹងទូទាំងបណ្តោយព្រំដែន រវាង​ប្រទេស​ទាំងពីរ រហូតដល់រាំងស្ទះដល់កិច្ចសហការ​លើវិស័យ​ផ្សេង​ទៀត ដែលជាផលប្រយោជន៍នៃប្រទេសទាំងពីរនោះឡើយ»។ នេះជាការគូស​បញ្ជាក់​របស់សម្តេចតេជោ។

ហេតុការណ៍ទាហានថៃចូលមកបាញ់ទាហានកម្ពុជានេះ កំពុងនាំ​ឱ្យមាន​ការខឹងសម្បាជាខ្លាំងពីប្រជាពលរដ្ឋខ្មែរ។ ដោយមិនចង់ឃើញបញ្ហារាល​ដាល​ទៅជាជម្លោះជាតិសាសន៍នោះ សម្តេចតេជោ ​បានអំពាវនាវ​ជន​រួម​ជាតិ កុំពង្រីកនូវជម្លោះនេះ​ ឱ្យទៅ​ជា​ការស្អប់ខ្ពើម​ជាតិសាសន៍ និងជឿជាក់​លើ​ការដោះ​ស្រាយរបស់​រាជ​រដ្ឋាភិបាលនិងកងទ័ពនៃប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការសោកស្តាយ និងចូលរួម​មរណ​ទុក្ខជាមួយគ្រួសារសពលោកព្រិន្ធបាលឯក សួន រោន ដោយសារការ​វាយ​ឆ្មក់​ពីកងទ័ពឈ្លានពាន៕

LEAVE A RESPONSE

Your email address will not be published. Required fields are marked *