សម្តេចតេជោ ហ៊ុន សែន ថ្កោលទោសដាច់អហង្ការចំពោះការឈ្លានពាននៅតាមបណ្តោយព្រំដែន និងបានចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសពលោកព្រិន្ធបាលឯក សួន រោន
តាមរយៈហ្វេសប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានសម្តែងការសោកស្តាយយ៉ាងខ្លាំង និងចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសពលោកព្រិន្ធបាលឯក សួន រោន ដែលបានពលីជីវិតដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពាន។ សម្តេចបានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍បែបនេះមិនគួរកើតឡើងទាល់តែសោះនៅលើព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍឡើយ។
សម្តេចតេជោបានថ្កោលទោសយ៉ាងហ្មត់ចត់ចំពោះបុគ្គល អង្គភាព ឬថ្នាក់ណាក៏ដោយ ដែលបានសម្រេចចិត្តធ្វើសកម្មភាពឈ្លានពានបែបនេះ ដែលសម្តេចប្រៀបធៀបទៅនឹងការឈ្លានពានកាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ នៅប្រាសាទព្រះវិហារ។
បើទោះបីជាមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងក៏ដោយ សម្តេចបានគាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបញ្ជូនកងទ័ព និងអាវុធធុនធ្ងន់ទៅកាន់ព្រំដែន ដើម្បីត្រៀមវាយបកការពារខ្លួន ក្នុងករណីមានការឈ្លានពានបន្តទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងក្តីសង្ឃឹមថា ការចរចាដែលនឹងត្រូវធ្វើឡើងនៅថ្ងៃស្អែក រវាងមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ នឹងទទួលបានផលល្អ។ សម្តេចរំពឹងថា នឹងមិនមានភាពតានតឹងទូទាំងបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ រហូតដល់រាំងស្ទះដល់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត ដែលជាផលប្រយោជន៍រួមនៃប្រទេសទាំងពីរនោះឡើយ។
ជាចុងក្រោយ សម្តេចបានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ កុំឲ្យពង្រីកជម្លោះនេះឲ្យទៅជាការស្អប់ខ្ពើមជាតិសាសន៍ និងសូមជឿជាក់លើការដោះស្រាយរបស់រាជរដ្ឋាភិបាល និងកងទ័ពនៃប្រទេសទាំងពីរ។ សម្តេចបានសង្កត់ធ្ងន់ថា៖ «យើងស្អប់សង្រ្គាម តែយើងបង្ខំចិត្តត្រូវធ្វើសង្រ្គាមដើម្បីប្រឆាំងការឈ្លានពានរបស់បរទេស ដូចដែលបានធ្វើកាលពីឆ្នាំ២០០៨ ដល់២០១១ ដែលប្រើមុខព្រួញ ៣ គឺ យោធា ការទូត និងផ្លូវច្បាប់»។