នាយករដ្ឋមន្រ្តីថៃ ប្ដេជ្ញាមិនឱ្យបាត់ទឹកដីថៃ សូម្បីតែមួយមីលីម៉ែត្រ
ពត៌មាន

នាយករដ្ឋមន្រ្តីថៃ ប្ដេជ្ញាមិនឱ្យបាត់ទឹកដីថៃ សូម្បីតែមួយមីលីម៉ែត្រ

នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នៅថ្ងៃពុធនេះ បានធានានៅចំពោះមុខសាធារណជនថៃថា រដ្ឋាភិបាលរបស់លោកស្រី នឹងមិនឱ្យបាត់ទឹកដីរបស់ថៃសូម្បីតែមួយមីលីម៉ែត្រ ចូលមកទឹកដីរបស់កម្ពុជានោះទេ។

នាយករដ្ឋមន្រ្តីថៃ ក្នុងពេលជាមួយគ្នានេះ ក៏បានអំពាវនាវឱ្យសាធារណជនថៃមានការអត់ធ្មត់ និងមានការរួបរួមជាតិ ខណៈកិច្ចចរចារផ្លូវការជាបន្តបន្ទាប់ជាមួយកម្ពុជា នឹងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយ។

ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ លោកស្រី ផែថងថាន បានសង្កត់ធ្ងន់ថា បញ្ហាព្រំដែននឹងត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈយន្តការដែលមានស្រាប់ គឺគណៈកម្មការព្រំដែនរួម(JBC) និងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០។ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ។

សូមបញ្ជាក់ថា ការចេញមកធានានៅចំពោះមុខសាធារណជនយ៉ាងដូច្នេះរបស់នាយករដ្ឋមន្រ្តីថៃ ធ្វើឡើងបន្ទាប់ពីមានការរិះគន់ ជាពិសេសពីក្រុមជាតិនិយមថៃ ដែលបានចោទប្រកាន់លោកស្រី ផែថងថាន ថាមានភាពទន់ភ្លន់ជ្រុល។ បន្ថែមពីនេះ ក៏មានការលើកឡើងថាទំនាក់ទំនងជិតស្និទ្ធរបស់ឪពុកលោកស្រី គឺអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ជាមួយ សម្តេចតេជោ ហ៊ុន សែន អាចជះឥទ្ធិពលដល់ជំហររបស់លោកស្រី ផែថងថានផងដែរ។

ដោយឡែក ជុំវិញការដោះស្រាយបញ្ហាព្រំដែននេះ, លោកស្រី ផែថងថាន បានណែនាំឱ្យក្រសួងការពារជាតិ កងទ័ពជេីងគោកភូមិន្ទថៃ និងក្រសួងការបរទេសថៃ តាមដានស្ថានការណ៍តាមព្រំដែនឱ្យបានដិតដល់ និងរៀបចំការសម្របសម្រួល។

ចំណែក ក្រសួងការបរទេសថៃ ទទួលបន្ទុកក្នុងការចេញសេចក្ដីថ្លែងការណ៍ស្ដីពីស្ថានភាពនៅព្រំដែន ដោយត្រូវសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋមន្រ្តីការពារជាតិ កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីធានានូវការផ្ដល់ព័ត៌មានពិតប្រាកដជូនដល់សាធារណជន។

ក្រៅពីនេះទីភ្នាក់ងារសន្តិសុខ និងក្រសួងសេដ្ឋកិច្ចនិងសង្គមឌីជីថលថៃ ត្រូវតាមដាន និងប្រយុទ្ធប្រឆាំងការចែកចាយព័ត៌មានក្លែងក្លាយ ដែលអាចបញ្ឆេះភាពតានតឹងឡើង។

បន្ថែមពីនេះ គណៈរដ្ឋមន្រ្តីត្រូវផ្ដល់ការលើកទឹកចិត្តដល់កងយោធាដែលឈរជើងនៅតាមព្រំដែន ឱ្យរក្សាការអត់ធ្មត់ និងធ្វើសកម្មភាពដើម្បីផលប្រយោជន៍សន្តិភាពរបស់ជាតិ។ រដ្ឋាភិបាលថៃ ប្ដេជ្ញាថានឹងដោះស្រាយបញ្ហាជម្លោះនេះឱ្យបានឆាប់៕

ប្រភព៖ The Nation (https://www.nationthailand.com/news/asean/40050813)

LEAVE A RESPONSE

Your email address will not be published. Required fields are marked *