ភ្នំពេញ៖ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានអះអាងថា បារាំងអាចសម្របសម្រួល ក្នុងការផ្ដល់ឯកសារផ្សេងៗ ដល់ទាំងភាគីកម្ពុជា និងទាំងភាគីថៃ ពាក់ព័ន្ធនឹងសំណុំរឿងព្រំដែន នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ក្នុងករណីចាំបាច់។ នេះបើតាមលោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលលបន្ទុកកិច្ចការការបរទេស ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១២ ខែមិថុនានេះ។
សន្និសីទសារព័ត៌មាននេះ ត្រូវបានរៀបចំឡើងភ្លាម នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោយសម្តេចនាយករដ្ឋមន្ត្រី និងប្រតិភូកម្ពុជា វិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅប្រទេសបារាំង។
បើតាមលោក ហ្សង់ ហ្វ្រង់ស័រ តាន់ ការបញ្ជាក់របស់ប្រធានាធិបតីបែបនេះ គឺនៅក្នុងពេលលោក និងសម្តេច ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារ កាលពីថ្ងៃទី១០ ខែមិថុនា នៅទីក្រុងនីល ប្រទេសបារាំង។ នៅក្នុងជំនួបនោះ ប្រមុខដឹកនាំកម្ពុជា បានលើកពីបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នាពេលថ្មីៗនេះ ប្រាប់ទៅមេដឹកនាំបារាំង។ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមទៀតថា ជំហររបស់កម្ពុជា គឺចង់បាននូវសុខ សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃដែលជាមិត្ត។
ពាក់ព័ន្ធនឹងការឆ្លើយតបរបស់ មេដឹកនាំបារាំងលោក ហ្សង់ ហ្វ្រង់ស័រ តាន់ លើកឡើងបែបនេះ៖ «ប្រធានាធិបតីបារាំងម៉ាក្រុងបានថ្លែងបញ្ជាក់ថា បារាំងអាចជួយសម្របសម្រួល ជាអាទិ៍ តាមរយៈការផ្ដល់ឯកសារ ឯកសារនេះ ឬឯកសារនោះ ដល់ភាគីទាំងពីរ ដល់ថៃផង ដល់កម្ពុជាផង បើសិនជាមានការចាំបាច់»។
បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងបញ្ហានៅតំបន់មុំបី ភាគីកម្ពុជា បញ្ជូនទៅ ICJ ដើម្បីពន្លឿនវិវាទនេះ ឱ្យឆាប់ជាស្ថាពរ និងមិនចង់ឱ្យមានព្រឹត្តិការណ៍ផ្ទុះអាវុធជាថ្មីឡើយ។ ទន្ទឹមនឹងនេះ កម្ពុជាបន្តសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការដែលដែលមានស្រាប់ យន្តការគណៈកម្មការព្រំដែនចម្រុះ JBC កម្ពុជាថៃដដែល។ កម្ពុជា បន្តទំនាក់ទំនង ជាមួយថៃ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍នៃប្រទេសទាំងពីរ។ នេះខ្លឹមសារជំនួបរបស់ សម្ដេច ហ៊ុន ម៉ាណែត ជាមួយប្រធានាធិបតី បារាំង ដែលលោក ហ្សង់ ហ្វ្រង់ស័រ តាន់ បញ្ជាក់ឱ្យដឹងក្នុងសន្និសីទកាសែតនៅព្រឹកនេះ។
ជុំវិញវិវាទព្រំដែននេះ កម្ពុជា បានបង្តើតគណៈកម្មការរៀបចំឯកសារប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ករណីតំបន់រសើបទាំង៤ រួមមាន តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។ តាមរយៈសេចក្តីសម្រេចចុះថ្ងៃទី៦ ខែមិថុនា និងត្រូវបានផ្សាយជាសាធារណៈនៅថ្ងៃទី១០ ខែមិថុនា គណៈកម្មការនេះ មានឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការប្រទេស និងសហប្រតិបត្តិការអន្តរជាតិជាប្រធាន និងសមាជិក១៤រូបទៀត ក្នុងនោះឧបនាយករដ្ឋមន្ត្រី២រូបផង ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល។
សូមជម្រាបថា បញ្ហាព្រំដែនកម្ពុជា-ថៃ កាលពូថ្ងៃទី២៨ឧសភា បានការផ្ទុះអាវុធ ដោយភាគីថៃ ជាអ្នកចាប់ផ្ដើមមុន។ ករណីនេះ បណ្ដាលឱ្យកងទ័ពកម្ពុជាម្នាក់បានស្លាប់។ ករណីនេះ ភាគីកម្ពុជាបានថ្កោលទោសយ៉ាងខ្លាំង។ ហើយថ្មីៗនេះ ប្រទេសទាំងពីរ បានបង្រួមការបើកច្រកចេញចូល នៅតាមតំបន់នីមួយៗ នៃកម្ពុជា-ថៃ ដោយភាគីថៃជាអ្នកផ្ដើមមុន៕ ប្រភព៖ ថ្មីៗ