សោកស្តាយ! អ្នកជំនាញថែទាំសត្វព្រៃដ៏ល្បីល្បាញ លាឈប់ពីការងារក្រោយបម្រើការ ១៨ ឆ្នាំ ដោយសារបញ្ហាផ្ទៃក្នុង
សោកស្តាយ! អ្នកជំនាញថែទាំសត្វព្រៃដ៏ល្បីល្បាញ លាឈប់ពីការងារក្រោយបម្រើការ ១៨ ឆ្នាំ ដោយសារបញ្ហាផ្ទៃក្នុង
លោក គីម ពិសី ដែលជាអ្នកជំនាញថែទាំកូនសត្វព្រៃដ៏ឆ្នើមម្នាក់ និងមានបទពិសោធន៍យូរឆ្នាំ បានសម្រេចចិត្តលាឈប់ពីតួនាទីរបស់លោក កាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥។ ការលាឈប់នេះ ធ្វើឡើងបន្ទាប់ពីលោកបានចំណាយពេលអស់ ១៨ ឆ្នាំ យ៉ាងសកម្ម ក្នុងការមើលថែកូនសត្វព្រៃរាប់ម៉ឺនក្បាល ដែលទទួលបានការគោរពនិងកោតសរសើរយ៉ាងខ្លាំង។
មូលហេតុនៃការលាឈប់នេះ ត្រូវបានលោក គីម ពិសី បញ្ជាក់ប្រាប់លោក ទ្រី ស៊ីថេង ទាំងក្ដុកក្ដួលថា កើតចេញពីបញ្ហាផ្ទៃក្នុងនៃការគ្រប់គ្រង។ លោកបានលើកឡើងថា ការផ្លាស់ប្ដូរអ្នកដឹកនាំថ្មី បាននាំមកនូវគំនិតថ្មីៗដែលមិនស៊ីចង្វាក់ជាមួយនឹងបទពិសោធន៍របស់បុគ្គលិកចាស់។ លោកបានបន្ថែមថា អ្នកដឹកនាំថ្មី “ប្រើអំណាចខ្លាំងជាងក្តីស្រឡាញ់” ដោយមិនផ្ដល់ទំនុកចិត្តលើការងាររបស់លោកឡើយ។
លោក គីម ពិសី បានរៀបរាប់ទាំងឈឺចាប់ថា ទោះបីជាលោកបានបម្រើការងារអស់រយៈពេលជាង ១០ ឆ្នាំក៏ដោយ ក៏ថ្នាក់ដឹកនាំថ្មីនៅតែមានការសង្ស័យលើរូបលោក។ ពេលខ្លះនៅពេលដែលលោកមិននៅនឹងកន្លែង ពួកគេគិតថា លោកគេចវេសពីការងារ ទាំងដែលការពិតលោកកំពុងតែស្វែងរកចំណីសម្រាប់សត្វប៉ុណ្ណោះ។ បញ្ហាទាំងនេះបានធ្វើឱ្យលោកស្ថិតនៅក្នុង “បញ្ជីខ្មៅ” និងប្រឈមមុខនឹងរឿងរ៉ាវមិនចេះចប់មិនចេះហើយជាច្រើន។
ការលាឈប់របស់លោក គីម ពិសី គឺជាការបាត់បង់ដ៏ធំមួយសម្រាប់វិស័យថែទាំសត្វព្រៃ ដោយសារបទពិសោធន៍និងការលះបង់របស់លោក គឺពិតជាមិនអាចកាត់ថ្លៃបាន។